ដោយសារតែព្រំដែនឥណ្ឌា និងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា ហើយកម្លាំងទាហានអាកាសប្រទេសទាំងពីរតែងតែ បញ្ជូនយន្តហោះ ឧទ្ធម្ភាគចក្រ រួមទាំងយន្តហោះគ្មានមនុស្សបើកទៅស៊ើបការណ៍គ្នាទៅវិញទៅមក ទោះធ្វើឲ្យភាគីទាំងពីរមានការប្រុងប្រយ័ត្ន ។ កន្លងមកទាំងឥណ្ឌា និងប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមក ។
ចំណែកឧទ្ធម្ភាគចក្រឥណ្ឌា ដែលជួបគ្រោះថ្នាក់កន្លងមក គឺដោយសារតែការបាញ់ច្រឡំពីមីស៊ីលរបស់កម្លាំងការពារដែនអាកាសឥណ្ឌា ។ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ឥណ្ឌារងការបាញ់ទម្លាក់ ដោយមីស៊ីលការពារអាកាសរបស់ខ្លួនឯង ដោយច្រឡំថា ជារបស់ប៉ាគីស្ថាន ក្នុងពេលដែលប៉ះទង្គិចជាមួយប៉ាគីស្ថាន នាពេលកន្លងមក ។
សារព័ត៌មាន Economic Times បានដកស្រង់សម្តីក្រុមអ្នកស្រាវជ្រាវ យោធា ឥណ្ឌាបានឲ្យដឹងថា ការបាញ់ច្រឡំ កើតឡើងចំពោះឧទ្ធម្ភាគចក្រ Mi-17V5 របស់កម្លាំងទាហានអាកាសឥណ្ឌា ។ ពេលនោះ កម្លាំងការពារដែនអាកាសបាញ់មីស៊ីលច្រឡំ ។
ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំង ការពារដែនអាកាសឥណ្ឌាបានព្យាយាម វាយប្រហារទៅលើ យន្តហោះរបស់ប៉ាគីស្ថាន២៥គ្រឿង ដែលហោះចូលក្នុងទឹកដីឥណ្ឌា ដើម្បីវាយប្រហារសងសឹកទៅលើ ទាហានឥណ្ឌាដែលបានវាយប្រហារនៅក្នុងទឹកដីប៉ាគីស្ថាន ។ ទាហាន៦នាក់នៅលើឧទ្ធម្ភាគចក្រនោះស្លាប់ទាំងអស់ ។
ពេលដំបូង មានព័ត៌មានថាឧទ្ធម្ភាគចក្រខាងលើជួបគ្រោះថ្នាក់ ប៉ុន្តែក្រោយលទ្ធផលស្រាវជ្រាវទើបដឹងថា ត្រូវមីស៊ីលរបស់ខ្លួនឯង បាញ់ច្រឡំ ៕