ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចងកសម្លាប់ខ្លួន ក្នុងផ្ទះបាយ សង្ស័យមានជំងឺប្រចាំកាយ ព្យាបាលមិនជា

ចែករំលែក៖

ខេត្តស្វាយរៀង ​៖ ​មានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ ស្រែកយំ និងហៅអ្នកភូមិជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ខណៈដែលយុវជនម្នាក់ចងកនៅជាប់នឹងផ្ទោងរោងបាយ ក្មុងផ្ទះ របស់ខ្លួន ដោយសារមានជំងឺប្រចាំកាយ ព្យាបាលមិនធូរ ស្រាល ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង១៥នាទីរសៀល ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនសង្ស័យគិតខ្លីមានឈ្មោះ ឡា ណារ៉ុង អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា យុវជនខាងលើគឺមានជំងឺប្រចាំកាយ ខណៈត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាគ្លីនិកឯកជន ឲ្យថ្នាំសង្កូវលេបជាប្រចាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ។

ប្រភពបន្តថា ស្រាប់តែនៅថ្ងៃកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ខណៈប្រទះឃើញយុវជនខាងលើបានយកស្រោមខ្នើយអោបចងជាប់ និងផ្ទោងរោងបាយក្មុងផ្ទះបាត់ទៅហើយ ។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន និងនគរបាលជំនាញចុះ​ធ្វើ​កោសល្យវិច័យ​មិនមែនជារឿងឃាដកម្មនោះទេ ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖