ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌ ស្នើឲ្យគណៈអភិបាលពង្រឹងកិច្ចការងារការពារសន្តិសុខជូនប្រជាពលដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបានស្នើឲ្យគណៈអភិបាលពង្រឹងកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវបែងចែកកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហាមអវត្តមាន អ្វីដែលជាការព្រួយបារម្ភទៀតនោះ គឺបញ្ហាសំរាមដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌដែលបាននៅក្នុងនៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅលើកទី៥៨ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកថេង សុថុល អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានដាក់ផែនការឲ្យកម្លាំងគណៈ បញ្ជាការឯកភាពគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ និងចាត់វិធានការរក្សាការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសទប់ស្កាត់កុំឲ្យកើតមានល្បែងស៉ីសង គ្រប់ប្រភេទ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខណ្ឌបានជំរុញឲ្យមន្ត្រីនៅតាមភូមិ សង្កាត់ និងខណ្ឌត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ តុបតែងលំអរភ្លើងពណ៍ដាក់ទង់ជាតិ និងទង់ឈ្វាលា ទីស្នាក់ការភូមិ វត្តអារាម សាលាសង្កាត់ ដើម្បីទទួលទេវតាឆ្នាំថ្មី ជាពិសេសត្រូវប្រមូលផ្តុំគ្នាលេងល្បែងប្រជាប្រិយ៍អបអរឆ្នាំថ្មី ហាមឃាត់ដាច់ខាតមិនឲ្យមានល្បែងស៉ីសង ។ មួយផ្នែក ទៀតសូមឲ្យអាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញពីការធ្វេសប្រហែសភ្លើងទៀនធូប និងខ្សែបណ្តាញចរន្តអគ្គិសនី ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ ក៏បានណែនាំកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខ ត្រូវរួមគ្នាត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប់ ប្រសិនបើមានបទល្មើសកើតឡើងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដោយឡែកអស់លោក លោកស្រី ដែលមានភារកិច្ចនៅតាមមូល ដ្ឋានត្រូវចូលរួមសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងត្រូវថែរក្សាការពារ សន្តិសុខ ប្រជាពលរដ្ឋ កុំឲ្យមានបទល្មើសចោរកម្ម គាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។ អ្វីដែលជាព្រួយបារម្ភបន្ថែមទៀតនោះគឺបញ្ហាសំរាម ព្រោះក្នុងរយៈបុណ្យចូលឆ្នាំថ្មីនេះ កម្មករប្រមូលសំរាមក៏ឈប់សម្រាកដែរ ដូច្នេះសូមឲ្យអាជ្ញាធរសង្កាត់ រួមជាមួយសន្តិសុខខណ្ឌត្រូវប្រមូលសំរាម និងញែកសំរាមទុកដាក់មួយកន្លែងកុំបោះចោលពាសវាលពាសកាលព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ៕ សណ្តោស


ចែករំលែក៖