ប៉ោយប៉ែត៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ចំណែក៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃ ទី៣០ខែ មីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំឋិតក្នុងភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកអូរជ្រៅ សែស វិបុលឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូនេះ បង្កឡើងដោយឈ្មោះ ម៉ាល ស្រាំង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុក អូរជ្រៅ ជិះម៉ូតូម៉ាក CBR-C150 ពណ៌ខ្មៅ ឆ្នាំ2012 គ្មានស្លាកលេខ អ្នករួមដំណើរម្នាក់ឈ្មោះ ង៉េត ង៉ច ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកណ្តាល ឃុំសឹង្ហ បើកបរក្នុងទិសដៅពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងលិចទៅកើត បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ចន្ទ ពៅ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរុន ឃុំ-ស្រុកអូរជ្រៅ មុខរបរត់ម៉ូតូឌុម មានអ្នករួមដំណើរ២នាក់១ ឈ្មោះ ហុន សុខា ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិរុន ឃុំសឹង្ហ ២ ឈ្មោះ ធី សុធា ភេទស្រី អាយុ៨ឆ្នាំ នៅភូមិរុន ឃុំសឹង្ហ ។
លោកបញ្ជាក់ថា៖ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបរម៉ូតូម៉ាកCBR បើកក្នុងស្ថានភាពដ្រវឹងហើយ មានល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ បានជ្រុល ទៅបុកម៉ូតូម៉ាកហុង ឌ្រីមប្រកាន់ស្តាំរបស់គេ បណ្តាលឲ្យឈ្មោះ ចន្ទ ពៅ ភេទប្រុសអាយុ៥៨ឆ្នាំ អ្នករត់ម៉ូតូឌុបរងរបួសធ្ងន់ ក្រោយមកបានស្លាប់បន្ទាប់ពីបញ្ជូនទៅមណ្ឌលសុខភាព ចំណែកអ្នករួមដំណើរ២នាក់ រងរបួសស្រាល ចំពោះអ្នកម៉ូតូម៉ាក CBR-C150 រងរបួសធ្ងន់ផងដែរ និងអ្នករួមដំណើរម្នាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំ សឹង្ហ ។
ចំណែក ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ វណ្ណា