ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវជាប្អូនប្រុសបង្កើត ដោយសារតែញៀនល្បែងភ្នាល់ចាក់បាល់ ហ៊ានយកម៉ូតូបងប្រុសបង្កើតខ្លួនឯងទៅបញ្ជាំ ចំនួន២ដងរហូតបងប្រុសបង្កើតខ្លួនឯងក្តៅចិត្ត ក៏ចាប់ចងដៃចងជើងរួចប្រគល់ទៅឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចការាស់សាំងកាល់តិចស្តុបពេទ្យចិន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាបងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលជា១ខែមុន ប្អូនប្រុសរបស់គាត់បង្កើតបានលួចយកម៉ូតូរបស់ខ្លួន យកទៅដាក់បញ្ចាំបានចំនួន600$ និងលើកទី២ ចំនួន400$យកទៅលេងល្បែងចាញ់អស់ លុះពេលដែលកើតហេតុ ម៉ូតូដែលដាក់បញ្ចាំត្រូវបានលោះយកមកវិញហើយ ក៏ប៉ុន្តែដោយសារតែខឹង នឹងទង្វើមិនចេះរាងចាល ដោយយកម៉ូតូរបស់គាត់ទៅដាក់បញ្ចាំពីរដងហើយនៅតែមិនឈប់ ក៏តាមរកចាប់បាននៅចំណុចកើតហេតុខាងលើនេះ រួចចងដៃចងជើងជាប់នឹងម៉ូតូកង់បី ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចតុមុខចាត់ការតាមច្បាប់ ពេលសួរនាំទើបដឹងថាយកម៉ូតូចេញមកពីម្តុំផ្លូវជាសុផារ៉ា ទើបដឹកយកទៅប៉ុស្តិ៍ទួលសង្កែ២វិញ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធីផ្លូវច្បាប់៕ ធឿនព្រែកជ័យ