ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកឡើងប្រក់ដំបូលបែរ ទុកកូនវារក្នងផ្ទះ ធ្លាក់ទឹកលង់ស្លាប់ គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងតូចម្នាក់បានធ្លាក់ទឹកលង់ស្លាប់ ក្នុងពេលដែលឪពុកបានទុកកូនចោល រវល់ឡើងប្រក់ដំបូលបែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបែរចិញ្ចឹមត្រីមួយកន្លែង ស្ថិតក្នុងភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងតូចដែលលង់ទឹកស្លាប់មានឈ្មោះ ហ៊ឹម សារ៉ែន ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ហ៊ឹម សារិទ្ធ អាយុ៤៣ឆ្នាំ ម្តាយឈ្មោះ សុខ ទៀង អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិ ឃុំ ស្រុកខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ឪពុក និងម្តាយបានឡើងប្រក់ដំបូលបែរត្រី ដោយទុកឲ្យកូននៅវារលេងនៅខាងក្រោម ក្រោយពីបានប្រក់ដំបូលបានមួយសន្ទុះ ក្រឡេកមកមើលកូន ស្រាប់តែបាត់កូន រកពុំឃើញ បានផ្អើលឆោឡោឡើង មានការសង្ស័យក៏នាំគ្នាចុះមុជរាវនៅក្នុងទឹក ទើបប្រះទះឃើញសពក្មេងប្រុសរងគ្រោះ នៅក្នុងទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សពក្មេងរងគ្រោះ ត្រូវបានម្តាយឪពុករៀចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕ ចន្ថា


ចែករំលែក៖