ខេត្តកំពង់ឆ្នាំង៖ រូបឆ្នាំងជាគ្រោងឆ្អឹងដែក មួយកន្លែង បានបាក់សង្កត់លើរថយន្ត ដែលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងពេលដែលមេឃកំពុងតែភ្លៀង និងខ្យល់យ៉ាងខ្លាំង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចច្រមុះជ្រូក ទៅផ្សារលើ និងទៅផ្សារក្រោម ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀង និងខ្យល់ធម្មតា ហើយក៏មានម៉ូតូ រថយន្តបើកទៅមកភ្លាម នោះមានរថយន្តម៉ាក់តូយ៉ូតាពណ៌ស ពាក់ស្លាកលេខ អង្កការ OI-7086 បើកបរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចខាងលើបានបាក់មកសង្កត់ពីលើ បណ្តាលឲ្យបែកកញ្ចក់ខាងមុខជាប់ នៅកណ្តាលថ្នល់ទៅមុខលែងរួចបណ្តាលឲ្យស្ទះចរាចរណ៍ផងដែរ ។ ក្រោយពេលកើតហេតុ អ្នកបើកបរចុះចេញពីរថយន្តមកខាងក្រៅទាំងប្រព្រលឹងចុងសក់ ។
ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពលខេត្តកំពង់ឆ្នាំង លោក អ៊ុក រស បានឲ្យដឹងនៅវេលាម៉ោង២ និង០០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ២០១៩ ថា កិច្ចការនេះ ខាងលោកបានប្រាប់ទៅខាងភាគីក្រុមហ៊ុន ដោះរុះរើចេញ តែមិនដឹងថា គេយកចេញនៅពេលណាទេ ព្រោះខ្លាចកើតមានហេតុការណ៍បណ្តាលឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ។
នៅក្នុងហេតុការណ៍ខាងលើនេះ បងប្អូនប្រជាពលរដ្ឋបានសំណូមពដល់អាជ្ញាធខេត្ត ក្រុង កំពង់ឆ្នាំង សូមឲ្យធ្វើរុះរើចេញ ខ្លាចកើតមានដូចករណីខាងលើនេះ បណ្តាលឲ្យរងគ្រោះថ្នាក់រលំសង្កត់លើអ្នកជិះម៉ូតូ អ្នកថ្មើរជើងរថយន្តដូចពេលនេះ ព្រោះឃើញមាននៅតាមផ្កូវសាធារណៈ ជាច្រើន បើករណីខាងលើនេះ កើតឡើងទៀត តើមានខងណាជាអ្នកទទួលខុសត្រូវ?
ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ច និងបងប្អូនប្រជាពលដ្ឋនាំគ្នាជួយរុះរើ និងសែងចេញ ដោយឡែករថយន្តត្រូវបាននាំយកទៅជួសជុលផងដែរ ៕ ចន្ថា