ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល និងប្រជាពលរដ្ឋ ជួយសង្រ្គោះតូបលក់អីវ៉ាន់៨៦០តូប នៅក្នុងផ្សារចំការគរ ហៅផ្សារថ្មី ក្រុងសិរីសោភ័ណ គ្រាន់តែឆេះអស់១តូប លក់សម្ភារជ័រក្មេងលេង គិតជាទឹកប្រាក់២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាល និងប្រជាពលរដ្ឋបានចេញអន្តរាគមន៍ជួយសង្រ្គោះតូប លក់អីវ៉ាន់របស់អាជីវករ៨៦០តូប នៅក្នុងផ្សារចំការគរហៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាញ់ទឹកពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង និងបំពង់ឧស័្មន ពន្លត់អគ្គីភ័យជាច្រើនបំពង់ ខណៈដែលមានអគ្គិភ័យ ឆេះតូបលក់សម្ភារជ័រ សម្រាប់ក្មេងលេងទំហំ៥ម៉ែត្រគុណ៥ម៉ែត្រ នៅក្នុងផ្សារចំការគរហៅផ្សារថ្មី កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខណៈដែលម្ចាស់តូបចាក់សោចោលសម្រាកនៅផ្ទះ ។

អគ្គិភ័យឆេះតូបលក់សម្ភារជ័របានរងការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ ។ ខណៈដែលអគ្គិភ័យកើតឡើងគេឃើញប្រជាពលរដ្ឋសហការជាមួយ និង កម្លាំងនគរបាលក្រុងសិរីសោភ័ណ កម្លាំងនគរបាលការិយាល័យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមនឹងអាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំបញ្ជាផ្ទាល់ នៅកន្លែងកើតហេតុដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានវត្តមានលោកអធិការនគរបាលក្រុងសិរីសោភ័ណ លោកស្នងការរងទទួលផែនការងារបង្ការពន្លត់អគ្គិភ័យ និងអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា ចំណាយពេលសង្រ្គោះប្រហែលជិត១ម៉ោងអស់ទឹកជាច្រើនរថយន្តទើបគ្រប់គ្រងស្ថានការ មិនឲ្យភ្លើងរាលដាល់បន្តឆាបឆេះតូបអាជីវករនៅក្នុងផ្សារនោះថែមទៀតឡើយ ។

អធិការនគរបាលក្រុងសិរីសោភ័ណលោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ ឲ្យដឹងថា តូបលក់សម្ភារជ័រសម្រាប់ក្មេងលេងលេខ៥៣៧ម្ចាស់ឈ្មោះ សំ ឌី ភេទប្រុសអាយុ៦៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរងការឆាបឆេះខូចខាតទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ ។

លោកអធិការប្រាប់ឲ្យដឹងទៀតថា តាមការសាកសួររបស់សមត្ថកិច្ចចំពោះប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍គេឃើញមុនពេលកើតហេតុភ្លើងចាប់ផ្តើមឆេះចេញពីក្នុងតូបខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករដែលទៅរៀបចំបើកតូបលក់អីវ៉ាន់នៅក្បែរនោះ ។ ខណៈដែលភ្លើងកំពុងឆេះតូបគឺមានប្រជាពលរដ្ឋបានយកបំពង់ឧស័្មនពន្លត់អគ្គិភ័យ ជាច្រើនបំពង់នាំគ្នាបាញ់សង្រ្គោះបឋមទប់ស្កាត់ភ្លើងកុំឲ្យឆាបឆេះខ្លាំង ។ ប៉ុន្តែមិនអាចទប់ស្កាត់បាននោះឡើយភ្លើងនៅតែបន្តឆេះ ។ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ១គ្រឿងបានចេញទៅជួយអន្តរាគមន៍ ទើបដោះស្រាយបញ្ហាអគ្គិភ័យនោះបាន ។ អគ្គិភ័យឆេះតូបលក់សម្ភារជ័រក្មេងលេងតាមការសន្និដ្ឋានរបស់សមត្តកិច្ចអាចបង្កឡើងដោយទុស្សេខ្សែភ្លើង ។

លោកអធិការក្រុងសិរីសោភ័ណប្រាប់ឲ្យដឹងទៀតថា ខណៈដែលមានអគ្គិភ័យកើតឡើង រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់ក្នុងផ្សារនោះបានឡើយ ដោយសារនៅក្នុងផ្សារមានភាពចង្អៀត បង្កការលំបាកនៃការសង្រ្គោះ ។

ជុំវិញបញ្ហាអគ្គិភ័យស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក្នុងពិធីចែកអំណោយ និងសាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃទី១ ខែមេសា ក៏បានអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវប្រាំងឆ្នាំនេះអាកាសធាតុមានសភាពក្តៅហួតហែងខ្លាំងវាប្រឈម និងកើតឡើងគ្រោះអគ្គិភ័យជាយថាហេតុណាមួយ បើសិនប្រជាពលរដ្ឋមានការធ្វេសប្រហែស ។

លោកក៏សូមអំពាវនាវប្រជាពលរដ្ឋចេញពីផ្ទះត្រូវបិទភ្លើង និងពិនិត្យភ្លើងចង្រ្កាន ភ្លើងធូប ទៀន ជាដើមនោះ ៕ សំ វិច្ឆិកា

 


ចែករំលែក៖