ខេត្តស្ទឹងត្រែង៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ពាក់ព័ន្ធ ដឹកជញ្ជូនសារធាតុញៀញខុសច្បាប់ ៤៤កញ្ចប់ធំ និងតូច ក្នុងវ៉ាល្លីសស ច្រកក្នុងកញ្ចប់នំ ស្គរគ្រាប់ និងកញ្ចប់កាហ្វេ វេចខ្ចប់យ៉ាងស្អាត ក្រោយពេលគយប្រថាប់ត្រារួច ក៏ត្រួតពិនិត្យ និងឆែកឆេរ ក្នុងវ៉ាល្លីសជនសង្ស័យបានឃើញកញ្ចប់ថង់នំ និងស្គរគ្រាប់ជាច្រើនក្នុងវ៉ាល្លីសនោះ ឆែកឆេរឃើញសង្ស័យថា ជាសារធាតុញៀន ក៏រាយការណ៍ទៅនគរបាលជំនាញ (BLO) ពិតជាថ្នាំញៀន ក៏ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង ១២ និង៣៥នាទី ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រា មុខប៉ុស្តិត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថាៈ ជនបរទេសនេះ មានឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិ ឥណ្ឌូនេស៊ី ដោយមានការសង្ស័យ ក្នុងវ៉ាល្លីស សមត្ថកិច្ចប៉ុស្តិ៍បានត្រួតពិនិត្យ និងឆែកឆេរ នៅទីតាំង ខាងមុខកន្លែងប្រថាប់ត្រា ចេញ-ចូល ក៏រកឃើញ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកញ្ចប់នំ គ្រប់ប្រភេទ ដូចជាកញ្ចប់កាហ្វេ កញ្ចប់ស្គរគ្រាប់ កញ្ចប់ប្រដាប់ប្រដាក្មេងលេង សង្ស័យជាសារធាតុញៀន ហើយក៏បានអញ្ជើញសមត្ថកិច្ច ជំនាញ(BLO) ប្រចាំការច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត្យបន្ថែម ពិតជាសារធាតុញៀន ពិតប្រាកដមែន ទើបឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្ត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង តាមច្បាប់ ៕ មាស សុផាត