ភ្នំពេញ ៖ នារីកម្មកររោងចក្រម្នាក់ឈឺចិត្តស្អិតទ្រូងព្រោះចាញ់ល្បិចបោកប្រាស់ បុរសកំហូច សមែ្ញងខ្លួនមានការងារល្អ ហើយនៅកំលោះទៀតនោះ ធ្វើឲ្យនាងលុងខ្លួនខាតបង់ទាំងលុយកាក់និងខ្លួនប្រាណទៅទៀត។ ទំនាក់ទំនងស្អិតល្មួតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកអស់រយៈពេលជាង៦ខែ អ្នកទាំងពីរបានណាត់ជួបគ្នាយ៉ាងជិតស្និទ្ធដូចប្តីប្រពន្ធរហូតមានកូនក្នុងផ្ទៃ។ តែអ្វីដែលប្លែកបុរសកំហូចរូបនេះបែរជាលែងហៅនាងទៅបន្ទប់របស់ខ្លួនដូចសព្វដងបណ្តាលឲ្យនាងកើតការសង្ស័យក៏បានទៅរកបុរសនេះដល់បន្ទប់ក៏ប្រទះឃើញស្រ្តីម្នាក់ និងកូនតូចទើបភ្ញាក់ខ្លួននិយាយលែងចេញធ្វើឲ្យនាងឈឺចិត្តដើររកកន្លែងប្តឹង ដើម្បីឲ្យទទួលខុសត្រូវកាលពីរសៀលថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
នារីអភ័ព្វស្នេហ៍មានឈ្មោះ ឃួន ចាន់នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ៣ មានស្រុកកំណើត ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ។ ចំណែកបុរសចិត្តអប្រិយត្រូវបានស្ត្រីខាងលើអះអាងថា ឈ្មោះឈុំ ស៊ុនលី អាយុ២៨ឆ្នាំ បម្រើការងារ នៅការិយាល័យ មេធាវីមានទីលំនៅភូមិព្រៃព្រីងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមស្ត្រីខាងលើ បានរៀបរាប់ថា នាង បានស្គាល់បុរសកំហូចនេះតាមរយៈលេង ហ្វេសប៊ុក ដែលអះអាងថា ខ្លួនបម្រើការងារនៅការិយាល័យមេធាវីមួយកន្លែងថែម ទាំងប្រាប់ថា រូបគេនៅកំលោះសុំស្នេហ៍ រហូតមានទំនាក់ទំនងស៊ីជម្រៅអស់រយៈពេលជាង៦ខែរស់នៅជាមួយគ្នាមានទាំងកូន តែត្រូវបានបុរសរូបនោះបង្ខំឲ្យយកចេញ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារបាត់ប្តីអត់ខាន់ស្លាលែងឃើញទាក់ ទងមក មិនដឹងថាមានមូលហេតុអ្វីមិនអស់ចិត្តនាងបានធ្វើដំណើរពីស្ទឹងមានជ័យមក ផ្ទះបុរសនោះ ស្រាប់តែឃើញស្ត្រីកូនខ្ចីម្នាក់រស់នៅជ្រងោហើយនាងក៏សាកសួរទើបដឹងថា ប្តីអូនជាប្តីរបស់គេទេ ទម្រាំបែកធ្លាយរឿងអ្វីៗខុសអស់រលីងហើយ នឹកខំទុកចិត្ត មិនដឹងអីប្តីគេសោះ។ ព្រោះតែប្រពន្ធកូនខ្ចី រវល់នៅឯស្រុកទើបប្តីនៅម្នាក់ឯងបានដៃដើរប្រព្រឹត្តបោក ប្រាស់ស្នេហ៍។
នារីអភ័ព្វស្នេហ៍រូបនេះបានបន្តទៀតថា អស់រយៈពេល១០ថ្ងៃក្រោយបែកធ្លាយបុរសរូបនេះបានព្យាយាមគេច វេះផ្តាច់មនោ សញ្ចេតនាសូម្បីតែទូរស័ព្ទក៏លែងលើក ។ ដោយទ្រាំលែងបាននាងក៏សម្រេចចិត្ត ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៣និងសង្កាត់ចោមចៅ៣ដើម្បីឲ្យប្តីអត់ខាន់ស្លាចូលខ្លួនដោះស្រាយគ្នា៕ ហេង នរិន្ទ្រ