ព័ត៌មានទាន់ហេតុការណ៍៖

បើមេមិនបើកដៃកូនចៅបរិស្ថានក៏មិនហ៑ានគាបប្រជាពលរដ្ឋយកលុយដែរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អនុប្រធានស្នាក់ការ បរិស្ថានមួយរូបត្រូវបានប្រជាពលរដ្ឋដែលរកស៊ីដឹកផលអនុផលព្រៃឈើតាមគោ យន្តកន្ត្រៃនាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះតែធ្វើសកម្មភាពជំរិតទារប្រាក់រាប់សែនរៀល ក្នុងគោយន្តនីមួយៗជាថ្នូរនឹងការមិនបង្ក្រាប តែបើអ្នកណាគ្មានលុយបង់តាមតម្រូវការនោះទេច្បាស់ជាត្រូវមន្រ្តីរូបនេះចាប់យកគោយន្តមិនខាន ។

ស្នាក់ការបរិស្ថាននេះ ស្ថិតនៅចំណុច ភ្នំតូច ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺដែលគេដឹងច្បាស់ថាមានការគ្រប់គ្រងដោយលោក លាភ សុខលីម ហៅ ទុន អាយុជាង៤០ឆ្នាំជាអនុប្រធានស្នាក់ការ បរិស្ថាន នៅទីតាំងខាងលើនេះតែម្តង ។

ប្រភពពីមន្ត្រីនគរបាលស្រុកឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ គេសង្កេតឃើញលោក លាភ សុខលីម ហៅ ទុន កំពុងតែដើរដាក់បណ្តាញគ្រប់ទីកន្លែងឲ្យចាំរាយការណ៍ពីសកម្មភាពក្រុមអ្នកដឹកឈេី (ប្រជាពល រដ្ឋ) តាមរថយន្តទួរីស និងគោយន្តកន្ត្រៃ មកខ្លួន ដើម្បីងាយស្រួលក្នុងការប្រមាញ់ចាប់យកប្រាក់ពីក្រុមអ្នកដឹកឈើទាំងនោះ ក្នុងម្នាក់ៗ លុយរាប់ម៉ឺនរាប់សែនរៀល ។

ប្រភពដដែលបានឲ្យដឹងទៀតថា មន្ត្រីបរិស្ថានរូបនេះតួនាទីត្រឹមតែជាអនុប្រធានស្នាក់ការបរិស្ថានភ្នំតូចទេ ប៉ុន្តែមានរថយន្តស៊េរីទំនើបជិះថែមទៀតផងខុសពីមន្ត្រី បរិស្ថានក្នុងមូលដ្ឋានមួយចំនួនដែលនៅជាមួយគ្នារកតែម៉ូតូកញ្ចាស់ជិះមួយគ្រឿងគ្មានផង។ ដូច្នេះហើយទើបមានការរិះគន់ ថា ដោយសារតែលោកអនុប្រធានចេះ ប្រព្រឹត្តអំពើជំរិតនេះហើយទើបលោកមានលុយទិញនោះ ។

ដោយឡែក ប្រភពពីក្រុមប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើតាមគោយន្តកន្ត្រៃជាលក្ខណៈគ្រួសារ វិញបានទម្លាយប្រាប់ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា ការដឹកជញ្ជូនផលអនុផលព្រៃឈើបន្តិចបន្តួចជាលក្ខណៈគ្រួសារ ដើម្បីមកលក់ដូរអង្ករហូប ត្រូវបានលោក លាភ សុខលីម ចាប់ជំរិតទារប្រាក់ពីពួកគាត់ស្ទើរតែគ្មានប្រាក់សល់បន្តដំណើរទៅមុខនោះទេដោយក្នុងគោយន្ត មួយគ្រឿង ទារលុយចំនួន១លានរៀល ឯណោះទាល់តែពួកគាត់អង្វរករខ្លាំងទើបលោកអនុប្រធានស្នាក់ការរូបនោះចុះនៅត្រឹម៦០ម៉ឺនរៀលហើយបើកឲ្យចេញបាន។

ប្រភពខាងលើ បានបន្តទៀតថា ការ បង្គាប់ទារប្រាក់ពីក្រុមអ្នកដឹកឈើខាងលើ គឺលោក លាភ សុខលីម ហៅទុន តម្រូវឲ្យពួកគាត់បង់លុយក្នុងមួយគោយន្តចាប់ពី ៥ម៉ឺនរៀលដល់១២ម៉ឺនរៀល ជាប្រភេទ ឈើមូល។ រីឯឈើគ្រឿងធ្វើផ្ទះវិញ បើ ទូរស័ព្ទមកប្រាប់មុនត្រូវបង់មួយគោយន្តជាង១០ម៉ឺនរៀលតែបើមិនប្រាប់ស្កាត់ចាប់បានវិញត្រូវពិន័យមួយគុណជាដប់។ នេះ ជាហាងឆេងមិនអាចតថ្លៃបាន ។

សកម្មភាពអវិជ្ជមានរបស់មន្ត្រីរូបនេះ បានដើរប្រព្រឹត្តមកលើក្រុមប្រជាពលរដ្ឋដឹកផលអនុផលព្រៃឈើតាមគោយន្តន្ត្រៃយូរឆ្នាំមកហើយ គេមិនដែលឃើញថ្នាក់លើចុះស្រាវជ្រាវរឿងទាំងនេះម្តងណានោះទេ សូម្បីមានការរាយការណ៍ពីស្ថាប័នខាងណា ក៏ដោយ ក៏ថ្នាក់លើមិនឈឺក្បាលនោះដែរ។ ចំណុចទាំងនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមួយចំនួនលើកឡើងថា លោក លាភ សុខលីម ហៅ ទុន មានបក្ខមានពួកសែស្រឡាយធំៗនៅលើហើយមើលទៅបានហ៊ានចាប់ជំរិតទារប្រាក់បែបនេះ ។

ប្រជាពលរដ្ឋបញ្ជាក់ផងដែរថា បើគ្មាន បញ្ជានិងការបើកដៃពីលោក ខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នោះទេ ក៏មិនមានស្នាក់ការនានាមិនក្រោម១០កន្លែងនោះដែរនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពងនោះ ។ នេះមិនទាន់គិតពីស្ថា ប័នផ្សេងៗមានយោធាកម្លាំងនគរបាលសេដ្ឋកិច្ច កម្លាំងកងរាជអាវុធហត្ថ និងជំនាញ ផងដែរនោះមិនរាប់កាសែតទូរទស្សន៍អនឡាញមួយចំនួនទៀតផង។ ទង្វើរបស់លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ ធ្វើខាងលើនេះ សបញ្ជាក់ឲ្យឃើញថា កំពុងតែប្រព្រឹត្តអំពើពុករលួយលក្ខណៈជាប្រព័ន្ធហើយ។ ដូចនេះ ប្រជាពលរដ្ឋសង្ឃឹម ថាថ្នាក់លើនឹងបានជ្រាបរឿងនេះការបង្កើតមន្ត្រីបរិស្ថាន ក៏ដូចជាមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះឡើងមិនមែនមកទប់ស្កាត់ដីរដ្ឋ ឬទប់ស្កាត់ព្រៃឈើនោះទេ គឺបង្កើត មកហាក់បីដូចជាបំផ្លាញព្រៃឈើទៅវិញ បើម្នាក់ៗ គិតតែពីប្រព្រឹត្តអំពើពុករលួយ ហើយការចាប់បង្ក្រាបគ្មាននោះទេ។ កន្លងទៅថ្មីៗនេះមានក្រុមឈ្មួញលួចដាក់គ្រឿងចក្រ ទៅធ្វើការឈូសឆាយដីបាតបឹងធម្មជាតិរបស់រដ្ឋជាង២០ហិកតានៅខាងលិចទំនប់ឥណ្ឌាឬហៅថា ទំនប់តាសាល ស្ថិត ក្នុងចំណុចអូរអន្ទង់ ឃុំតាសាល ស្រុក ឱរ៉ាល់ ក្រោមការគ្រប់គ្រងរបស់លោក ខន សុខុន ប្រធានការិយាល័យដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់នោះតែលោកបែរជាមិន ដឹងទៅវិញ តើលោករវល់ឬក៏ធ្វើមិនដឹង?

ពាក់ព័នបញ្ហានេះដែរ ភ្នាក់ងារអង្គភាពកាសែតនគរវត្តមិនអាចសុំការបកស្រាយពីលោក អែម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទេនៅរសៀលថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែប្រជាពលរដ្ឋដែលដឹកជញ្ជូនផលអនុផលព្រៃឈើ ជាលក្ខណៈដូរអង្ករជាប្រចាំ ពួកគាត់សំណូមពរឲ្យលោក លាភ សុខលីម មេត្តាបន្ធូរដៃបន្តិចទៅ កុំគាបសង្កត់ធ្វើបាបប្រជារាស្ត្រតូចតាចពេក ចំណែកឈ្មួញធំៗដឹកទាំងរថយន្តមិនដែលឃើញបង្ក្រាបសោះ ៕ សេនាស័ក្តិ


ចែករំលែក៖