ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដេញបាញ់មនុស្សដូចបាញ់ចាបកណ្តាលក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចកំពង់ ចាមបាននិងកំពុងតាមស្រាវជ្រាវរកអត្ត សញ្ញាណជនសង្ស័យម្នាក់ដែលបានធ្វើ សកម្មភាពជិះម៉ូតូដេញបាញ់មនុស្សយ៉ាងអនាធិបតេយ្យទាំងកណ្ដាលអធ្រាត្រ ហើយ គេចខ្លួនបាត់ស្រមោល ។

មន្រ្តីនគរបាលបានឲ្យដឹងថា ករណី ប៉ុនប៉ងធ្វើមនុស្សឃាតដេញបាញ់ប្រើប្រាស់អាវុធខ្លីខាងលើនេះកើតឡើងកាលពីថ្ងៃ អាទិត្យ ១១រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និ៣0នាទីរំលងអធ្រាត្រហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីផ្ទុះអាវុធនៅចំណុចមុខខារ៉ា អូខេគ្រួសារ ស្ថិតនៅភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។

មន្រ្តីនគរបាលបានបន្តថា ក្រោយពី ទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលវាលវង់សហការជាមួយជំនាញ ព្រហ្មទណ្ឌក្រុងនិងជំនាញព្រហ្មទណ្ឌខេត្តបានចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានការបាញ់ដោយប្រើប្រាស់អាវុធខ្លីបង្កឡើងដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូម៉ាកហ្សូមឺ ព៌ណក្រហម បានធ្វើសកម្មភាពបាញ់ ទៅលើជនរងគ្រោះ២នាក់ដែលជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ។

ក្នុងនោះមាន ទី១.ឈ្មោះ ឡុក ប៊ុនលាង ភេទប្រុស អាយុ៣៤ឆ្នាំបណ្តាលឲ្យរង របួសធ្ងន់ និងទី២.ឈ្មោះ ឆុន ចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកឌុបរង របួសស្រាល អ្នកទាំងពីរនៅភូមិគគ១ ឃុំគគ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ តាមការបភ្លឺពីជនរងគ្រោះគឺមុនកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូឌុបគ្នាហើយបើកជែងម៉ូតូ១គ្រឿងទៀត។ បន្ទាប់មកមានជនសង្ស័យម្នាក់បានជិះម៉ូតូមកដេញបាញ់អ្នកទាំង២ រួច ជនសង្ស័យគេចខ្លួន បាត់តែម្តង។មន្រ្តីនគរបាលបានឲ្យដឹងថាបន្ទាប់មកសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមន្ទីរខេត្តកំពង់ចាម។ ករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងអង្កេតរកអត្តសញញាណជនសង្ស័យ ៕ ហេង នរិន្ទ្រ


ចែករំលែក៖