ភ្នំពេញ៖ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទីចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
នៅក្នុងសេចក្តី ជូនដំណឹង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីរក្សាបាន នូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញក៏ដូចជារក្សា បាននូវប្រពៃណីជាតិ និងសេចក្កី ថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស ជាមួយជាយុវជនយុវនារីសិស្ស និងនិស្សិតកម្មករ និងកម្មការិនី ទាំងអស់ ដូចខាងក្រោមត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀនធូបភ្លើងចង្រ្កានចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិអាយុ ជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។ ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាត ការលេងបាញ់ទឹកជះទឹកគប់ស្បោងទឹកលាបធ្យូងប៉ាតម្សៅ ទាញដោយដៃឬវាយដោយរំពាត់ ដល់អ្នកដំណើរឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅ តាមផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់
ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរព្រមទាំងហាមដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ។ ដោយសារនូវភាពថ្លៃថ្នូរសក្តិសម ជាកុលបុត្រកុលធីតាខ្មែរ ។
ក្នុងសេចក្ដីជូនដំណឹងនោះ លោក ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ សហការអនុវត្ត និងផ្សព្វ ផ្សាយ ឲ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណីសេចក្តី ថ្លៃថ្នូររបស់ជាតិក៏ ដូចជាប៉ះពាល់ដល់ សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ៕ សំរិត