ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រដាប់អាវុធស្រុកសំឡូតចាប់ពលរដ្ឋបង្គាប់យកលុយស្រួលៗ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គេរាយការណ៍ថាមានប្រជាពលរដ្ឋប្រមាណ ពី៤ ទៅ៥នាក់ដែល ត្រូវរងគ្រោះរហូតលក់ទ្រព្យសម្បត្តិដើម្បីយកលុយរាប់សិបលានរៀល ទៅបង់ឲ្យ មន្រ្តីសមត្ថកិច្ចស្រុកសំឡូត ខណៈដែលពួកគាត់ត្រូវបានគេចាប់យកទៅឃុំខ្លួន ដោយមិនអនុញ្ញាតឲ្យជួបនរណាម្នាក់បានឡើយ។

ការឃុំខ្លួន និងបំបិទសិទ្ធិសេរីភាពស្មើនឹងបទល្មើសឧក្រិដ្ឋនេះ ដោយសារតែប្រជា ពលរដ្ឋទាំងនោះហ៊ានជិះកង់ជិះម៉ូតូដើរ កត់កន្ទុយលេខតាមភូមិ ដើម្បីរកប្រាក់ ចំណូលប្រចាំថ្ងៃតាមរយៈការកត់ឆ្នោតពី៣ទៅ៤ម៉ឺនរៀលតែប៉ុណ្ណោះហើយត្រូវក្រុមសមត្ថកិច្ចដែលមានគ្នា៤នាក់ដឹកនាំដោយលោក សុខ ហ៊ាង ហៅ វុធ ស្ទាក់ចាប់តាម ផ្លូវដើម្បីនាំយកទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត និងក្រោមបញ្ជាផ្ទាល់ពីលោកមេបញ្ជាការ ជួប នោ ហៅចូវ ។

ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប៉ុន្មាននាក់នោះ គឺគេបានធ្វើឡើងជាបន្តបន្ទាប់នៅពេលណាដែលឱកាសល្អហុចឲ្យគឺជាក់ស្តែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង៣និង៣០នាទីរសៀលកម្លាំងកងរាជអាវុធហត្ថចំនួន៤នាក់ ដែលដឹកនាំដោយ ឈ្មោះ សុខ ហ៊ាង ហៅវុធដែលមានការបញ្ជា ផ្ទាល់ពី លោកមេបញ្ជាការ ជួប នោ ហៅ ចូវ បានបើករថយន្តមួយគ្រឿងទៅចំណុចភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុក សំឡូត ដោយស្ទាក់ចាប់ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ម៉ែន សុវណ្ណ ហៅ ធិ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូររំចេកលើ ឃុំអូរ សំរិល ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះម៉ូតូដើរកត់កន្ទុយលេខតាមភូមិដើម្បី យកប្រាក់កម្រៃបន្តិចបន្តួច ។

ការឃាត់ខ្លួននេះ កម្លាំងអស់លោក សមត្ថកិច្ចបាននាំខ្លួនកូនកាតុងឆ្នោតនោះទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដោយគេបានដាក់ចូលទៅក្នុងបន្ទប់សម្ងាត់មួយ ដែលគ្មានអ្នកណាមានសិទ្ធិចូលជួបបានទេ ព្រមទាំងបានដកហូតសម្ភារជាប់ ខ្លួនចេញទាំងអស់ដូចជា ទូរស័ព្ទដៃ, ម៉ូតូ, ប្លាកដៃ, ចិញ្ចៀន និងលុយកាក់ រួចហើយ គេបានយកខ្នោះមកដាក់លើតុដោយប្រើភាសាគំរាមថា គេនឹងបញ្ជូនទៅតុលាការដើម្បីដាក់គុក យ៉ាងតិចក៏ជាប់៣ឆ្នាំដែរ រីឯរបស់របរទាំងអស់នេះក៏ត្រូវតុលាការដកហូតយកទាំងអស់។ ដូច្នេះបើចង់រួចខ្លួនពីការជាប់ខ្នោះ ត្រូវយកលុយមកបង់ចំនួន ១០.០០០.០០០រៀល ទើបអាចរួចខ្លួន វិញ ។

នៅពេលនោះដែរ ស្ត្រីជាភរិយាក្រោយពីមានប្រជាពលរដ្ឋក្នុងភូមិមកប្រាប់ថា ប្តី ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនរួចមកក៏បានធ្វើដំណើរទៅរកជួបប្តី ប៉ុន្តែត្រូវបានអស់លោកទាំងនោះមិនអនុញ្ញាតឲ្យចូលជួបឡើយ គឺមិនខុសអីពីការចាប់ជំរិតនោះទេ ឬក៏ស្មើនឹងអ្នកទោសឧក្រិដ្ឋយ៉ាងដូច្នេះដែរ លុះត្រាតែប្តីព្រម សុខចិត្តបង់លុយគ្រប់ ចំនួនតាមការកំណត់ទើបគេឲ្យជួបគ្នាដើម្បីរត់រកលុយទាំងល្ងាចយកមកឲ្យគេដោយមិនឲ្យខ្វះមួយម៉ឺនរៀលឡើយ។

ស្ត្រីជាភរិយាបាននិយាយប្រាប់អ្នក កាសែតទាំងអួលដើមកថាក្រោយពីបានប្រគល់លុយចំនួន១០ លានរៀល ទៅឲ្យលោកប៉េអឹមនោះហើយ គេក៏បានទាមទារប្រាក់១០០ដុល្លារបន្ថែមទៀត ជាថ្នូរនឹងការខំប្រឹងប្រែងនិយាយលួង មេមិនឲ្យបញ្ជូនទៅខេត្តនិងជាថ្នូរនៃការ អង្គុយសួរចម្លើយ ប៉ុន្តែគាត់បានអង្វរនៅ ត្រឹម២០ម៉ឺនរៀលតែប៉ុណ្ណោះ ។ មុនចាក ចេញមន្រ្តីកងរាជអាវុធហត្ថបានឲ្យពួកគាត់ទាំង២នាក់ ផ្តិតមេដៃ នៅលើក្រដាស សមួយសន្លឹក ដោយគេបានអះអាងថា យប់ហើយចាំសរសេរតាមក្រោយហើយហាមយករឿងនេះទៅនិយាយប្រាប់គេ បើមិនដូច្នេះទេគេនឹងចុះទៅចាប់ខ្លួនម្តងទៀត។

ទង្វើរបស់មន្រ្តីកងរាជអាវុធហត្ថស្រុកសំឡូត ហាក់បីដូចជាមានការកាក់កប ទើបនៅថ្ងៃទី ១៨ ខែឆ្នាំដដែលវេលាម៉ោង ២រសៀលនៅចំណុចភូមិអូរសំរិល ឃុំអូរ សំរិល កម្លាំងប៉េអឹម៤នាក់ ដដែល ក្នុងនោះ មានឯកសណ្ឋាន២នាក់ និង ស៊ីវិល២នាក់ បានបន្តការងាររបស់គេដោយបានចាប់ ខ្លួនស្ត្រីម្នាក់ ឈ្មោះ កែវ ឈាង ហៅ អង អាយុ ៣៩ឆ្នាំ រស់នៅអូររំចេកលើ ឃុំអូរ សំរិល ដើម្បីយកទៅកាន់កន្លែងរបស់ខ្លួន ខណៈដែលស្ត្រីដែលមានប្តីជាអតីតយោធិនពិការកំពុងដើរលក់ឆ្នោតតាមភូមិ ។

ការឃាត់ខ្លួនស្ត្រីជាកូនកាតុងឆ្នោតលើកនេះ ក៏មិនខុសពីលើកមុនដែរគឺល្បិចអស់លោកប៉េអឹមគេធ្វើដដែលៗ ដោយសារតែ វិធីនេះគេធ្លាប់ទទួលបានជោគជ័យដោយលើកនេះគេជំរិតបានលុយតែ៨.០០០. ០០០ រៀលប៉ុណ្ណោះ បូកនឹងថ្លៃសរសេរ២០ ម៉ឺនរៀល ដូចមុន ទើបគេព្រមដោះលែងឲ្យស្ត្រីរូបនេះមានសេរីភាពវិញដើម្បីចេញទៅរកស៊ីរកលុយដោះបំណុលគេ ព្រោះស្ត្រីរងគ្រោះរូបនេះមានប្តីជាយោធិនពិការ ដូច្នេះ ហើយស្រ្តីរងគ្រោះបានត្រឹមតែសម្រក់ទឹកភ្នែកដោយសារតែការខំប្រឹងរត់រកលុយ ចងការគេ ក្នុងការយកមកប្រគល់ទៅឲ្យលោកប៉េអឹម។

លុះនៅថ្ងៃទី២៦មីនា កន្លងទៅថ្មីៗនេះ ក្រុមសមត្ថកិច្ចដដែលសង្ស័យលោកមេ បញ្ជាការអស់លុយចាយ ទើបពួកគេបានចេញប្រតិបត្តិការចុះស្វែងរកចំណី ក៏បានប៉ះទៅលើប្រជាពលរដ្ឋម្នាក់ទៀតដែលជាកូនកញ្ច្រែងលក់ឆ្នោតដដែល ដែលមាន ឈ្មោះ ចក់ រស់នៅចំណុចសំឡូតចាស់ ដោយគេបានគំរាម និងទាមទារប្រាក់ចំនួន៤.០០០.០០០រៀល និងថ្លៃសរសេរអស់ តែ៥០.០០០ រៀលទៀតដោយវិធីសាស្ត្រ របស់លោកអ្នករក គឺដដែល ។

រាល់ទង្វើដ៏កខ្វក់ របស់លោកមន្រ្តី សមត្ថកិច្ចស្រុកសំឡូត ខាងលើនេះ បើទោះបីជាអ្នកកាសែតមានទាំងឯកសារ និងខ្សែអាត់សំឡេងនៅក្នុងដៃដែលជា ភស្តុតាងយ៉ាងណាក៏ដោយក៏លោកមេ បញ្ជាការ ជួប នោ ហៅ ចូវ បានខំប្រឹងធ្វើការ បដិសេធដែរដោយគេបាននិយាយយ៉ាងខ្លីថា គេគ្រាន់តែនាំខ្លួនមកឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហាដែលស្មើនឹងចាប់ ជំរិតនេះដែរ ប្រជាពលរដ្ឋទាំងនោះបាន ទទូចសុំឲ្យលោកឧត្ដមសេនីយ៍មេបញ្ជាការ មាស សុវណ្ណ មេត្តាធ្វើយ៉ាងណាដាក់កម្លាំងអធិការកិច្ច ពិនិត្យ និងតាមដានទៅលើសកម្មភាពកម្លាំងប៉េអឹមស្រុកសំឡូតផង ព្រោះពេលនេះ គេកំពុងប្រព្រឹត្តនូវ សកម្មភាពបែបនេះច្រើនណាស់៕ ហេង នរិន្ទ្រ

 


ចែករំលែក៖