ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​នៅសង្កាត់ភ្លើងឆេះរទេះបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ការធ្វើអាជីវកម្មជីករណ្ដៅដីធំៗជ្រៅៗ៣កន្លែងរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង ក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ ក៏ដូចជាពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ទេនោះគឺមេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង មិនអាចជីករណ្ដៅធំៗជ្រៅៗខុសបទដ្ឋានបច្ចេកទេសដូចសព្វថ្ងៃនេះទេ។ ម៉្យាងទៀតរថយន្តដឹកអាចម៍ដីធំៗក្នុងមួយថ្ងៃៗច្រើនជាង២០០ជើងក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ ព្រោះឈ្មួញ២នាក់នោះមានខ្នងបង្អែករឹងមាំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីអាជីវកម្មរណ្ដៅដីរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង បានឲ្យដឹងថា សំឡេងរថយន្តដឹកអាចម៍ដីរាបរយគ្រឿងធ្វើឲ្យរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ហើយបង្កឲ្យមានធូលីដីហុយសំពោងទៅលើផ្ទះសម្បែងពួកគាត់ប៉ះពាល់សុខភាពផ្លូវដង្ហើមគួរឲ្យព្រួយបារម្ភ។ ទីតាំងរណ្ដៅដីទាំង៣កន្លែងរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង គឺនៅក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ មានទំហំធំៗនិងមានជម្រៅដល់ក្បាលប្រេតព្រោះគ្មានមន្ត្រីអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញចាត់វិធានការត្រួតពិនិត្យនោះទេ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងថា្នក់សង្កាត់ បានឲ្យដឹងថាមេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង មានខ្នងបង្អែករឹងមាំទើបអាចជីករណ្ដៅដីមានទំហំធំៗនិងជ្រៅៗខុសពីបទដ្ឋានបច្ចេកទេស ហើយសូម្បីតែរថយន្តដឹកអាចម៍ដីក៏គ្មានតង់គ្របឲ្យបានត្រឹមត្រូវនោះឡើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ អំពាវនាវយ៉ាងទទូចឲ្យក្រសួងរ៉ែនិងថាមពល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ ឲ្យចាត់វិធានការពិនិត្យឡើងវិញទៅលើអាជីវកម្មរណ្ដៅដីរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង ក្នុងសង្កាត់ភ្លើងឆេះរទេះជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពលខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាពីសំណាក់ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ ទេនោះគឺមេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង មិនអាចធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ ៕


ចែករំលែក៖