ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូវីវ៉ាមួយគ្រឿង សង្ស័យបញ្ច្រាសទិសដៅចរាចរណ៍ផ្លូវ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ បណ្ដាលឲ្យដួលបោកនឹងថ្នល់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា ម៉ោង៩យប់ ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ផ្លូវលេខ២១៤ កែងនឹងផ្លូវលេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបានបើកបរម៉ូតូមួយគ្រឿងម៉ាកSUZUKIវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BL.7769ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីកើតទៅលិចសង្ស័យបញ្ច្រាសទិស ស្របពេលនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត ក្នុងល្បឿនលឿន ហើយក៏បុកម៉ូតូរងគ្រោះ ដែលជិះបញ្ច្រាសទិសដៅចរាចរណ៍ បណ្ដាលឲ្យម៉ូតូដួលសង្កត់លើបុរសរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯរថយន្តបង្កមិនបានឈប់ចុះមកមើលនោះទេ បែរជាព្យាយាមបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែង យកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំសាច់ញាតិមកយកនៅពេលក្រោយ ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ភារ៉ា ដង្កោ