ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងប្រាប់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចបានចាប់ខ្លួនលោកផែង វណ្ណៈ ហើយ ដោយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេីម្បីសាកសួរ ។
ការចាប់ខ្លួនលោក ផែង វណ្ណៈ គឺ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ យោងតាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ចេញដីកាបញ្ជាឱ្យចូលខ្លួន ដល់លោកផែង វណ្ណៈ ដោយត្រូវបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដេីម្បីសាកសួរពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ។
ដីកាបញ្ជាឱ្យចូលខ្លួន ដែលទេីបទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ គឺ អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រេីប្រាស់កម្លាំងសាធារណៈ ដេីម្បីបង្ខំលោក ផែង វណ្ណៈ ឱ្យចូលបង្ហាញខ្លួនបាន ៕ចេស្តា