ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ តុលាការសម្រេចឃាត់ខ្លួនលោក ផែង វណ្ណៈ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះបេីតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកលី សុផាណា ថ្លែងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចឃាត់ខ្លួនបុគ្គលនេះហើយនឹងបន្តចំណាត់ការនៅថ្ងៃស្អែកទៀត”។
ទោះបីយ៉ាងណា ពេលនេះ លោកផែង វណ្ណៈ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស វិញ រង់ចាំចំណាត់ការបន្ត នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ ។
ដោយឡែក លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នេីសុំតុលាការ សម្រេចចោទប្រកាន់ និង ផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតលេីលោក ផែង វណ្ណៈ តាមបញ្ញត្តិក្រមព្រហ្មទណ្ឌនៃកម្ពុជា ។
លោកមេធាវី គី តិច ស្នេីសុំធ្វើការពិនិត្យ សម្រេចឃាត់ខ្លួន ឬ ចាប់ខ្លួន និង ឃុំខ្លួនលោក ផែង វណ្ណៈ ជាបន្ទាន់ដេីម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ដែលអាចនាំឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
នេះបេីយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដែលទេីបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ ។
បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល ៕ចេស្តា