ព័ត៌មានទាន់ហេតុការណ៍៖

ពូកែខាងគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ មានអីមុនជាប់ខ្នោះ ពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជំនាញខាងគាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ មិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយទេ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាចោរលួចគាស់ផ្ទះពលរដ្ឋក្នុងភូមិកន្លងមក ហើយនៅថ្ងៃកើតហេតុខាងលើជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋទៀត ក៏ត្រូវអ្នកភូមិឃើញស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ឡើងឡោមព័ទ្ធចាប់បាន រួចស្វាគមន៍ម្នាក់ មួយដៃមួយជើង ទើ់បប្រគល់ឲ្យសមត្ថកិច្ច ។

ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ន ក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី១ មានភាពអសន្តិសុខខ្លាំងណាស់ ព្រោះមួយរយៈពេលកន្លងមកនេះ តែងតែកើតមានករណីលួច ជាហូរហែ ធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍ខ្លាំង ពីសុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក៏មានករណីចោលួចរថយន្តចំនួន២ករណី ដោយបាត់អស់រថយន្តបាឡែនចំនួន២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ច នាំយកមកធ្វើការសាកសួរ និងអនុវត្តន៍នីតិវិធី ៕សុខា សែនជ័យ


ចែករំលែក៖