ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ ខណៈដែលរូបគេជាអ្នកកំដរការមិត្តភក្តិ បែរជាត្រូវយុវជនម្នាក់គប់មួយកែវស្រាបៀរដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ ស្ថិតនៅឃុំពាមឧញ៉ាកអុង ស្រុកល្វាឯម ខេត្តកណ្តាល ហើយពេលដែលកម្លាំងនគរបាលស្រុកល្វាឯម ខេត្តកណ្តាល ចាប់ខ្លួនជនបង្កបានហើយបែរជាដោះលែងឲ្យមានសេរីភាពទៅវិញ ដោយករណីហិង្សានេះមិនទាន់ដោះស្រាយចប់ជាមួយជនរងគ្រោះនៅឡើយ ហើយដោយភាពអយុត្តិធម៌ពេកក្រុមគ្រួសាររងគ្រោះបន្តដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តកណ្ដាល ជួយធ្វើអន្តរាគមន៍តាមចាប់ជនបង្ករបួសស្នាមមកលើកូនប្រុសគាត់នោះចាត់ការតាមច្បាប់ ។
ជនបង្ករបួសស្នាមឈ្មោះ សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានឪពុកឈ្មោះ ផាត អាយុ៥៧ឆ្នាំ ។ ចំណែក ជនរងគ្រោះ ឈ្មោះ លៀប ស៊ីណា អាយុ១៨ឆ្មាំ មុខរបរធ្វើការហាងជប៉ុន ។ ឪពុកឈ្មោះរឿន ផលលៀប មុខរបរ កសិករ និងម្តាយឈ្មោះ សុខ នៀង អាយុ៥៥ឆ្នាំ មុខកសិករ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩នេះថា មុនពេលកើតហេតុ ខ្លួនបានទៅធ្វើជាអ្នកកំដរការមិត្តភ័ក្កិនៅស្រុកកើតហេតុខាងលើ ខណៈដែលកំដរចប់រួច រូបខ្លួនបានចូលហូបបាយធម្មតា ស្រាប់តែជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ទៀត បានកាន់កែវស្រាបៀរតម្រង់មកតុរបស់ខ្លួនតែម្តង ។ បន្ទាប់មកជនដៃដល់ឈ្មោះ សៅ បានប្រតាយប្រតប់ជាមួយមិត្តភក្កិរបស់ខ្លួនម្នាក់ទៀត ទើបធ្វើឲ្យជនបង្កខឹងក៏គប់កែវស្រាបៀរនោះដាក់មិត្តភក្កិ ប៉ុន្តែមិត្តភក្កិបានគេចផុត ស្រាប់តែហោះមកត្រូវចំចំហៀងមុខខាងឆ្វេងបណ្ដាលឲ្យបែកចិញ្ចើមឈាមរហូតដួលសន្លប់ស្ដូកស្ដឹង ភ្លាមនោះត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យក្បែរនោះ ដោយគ្រូពេទ្យដេរអស់ចំនួន២៤ថ្នេរ ។
ជនរងគ្រោះបន្តទៀតថា ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ឃុំពាមឧកញ៉ាអុង បានចុះទៅអន្តរាគមន៍ភ្លាៗ ដោយបានឃាត់ខ្លួនជនបង្កហេតុយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការស្រុកល្វាឯម ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់ ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺសមត្ថកិច្ចឃាត់ខ្លួនជនបង្កបានតាំងពីម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ (ថ្ងៃកើតហេតុ) ប៉ុន្តែឪពុកជនរងគ្រោះបានសុំសមត្ថកិច្ចថា ចាំស្អែកព្រឹកនឹងចូលខ្លួនដោះស្រាយគ្នា ព្រោះឥឡូវមកមើលកូននៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក ។ លុះព្រឹកថ្ងៃដដែល អធិការស្រុកល្វាឯម ស្រាប់តែដោះលែងជនបង្កហេតុឲ្យត្រលប់ទៅផ្ទះវិញធម្មតា ដោយមិនបានចោទប្រកាន់ជនបង្ក និងគ្មានសំណងណាមួយដល់ជនរងគ្រោះឡើយ ដោយសំអាងថាមានឪពុកម្តាយជាអ្នកធានាជនបង្ក ទើបអធិការស្រុកដោះលែងជនបង្កទាំងបំពានច្បាប់ ព្រោះមិនទាន់មានការឯកភាពពីក្រុមគ្រួសារជនរងគ្រោះនោះទេ ។ ជនរងគ្រោះបន្តទៀតថា រហូតមកដល់ពេលនេះជនបង្កបែរជាដើរហើរយ៉ាងមានសេរីភាព ចំណែកខ្លួនដេកព្យាបាលជំងឺនៅពេទ្យទាំងមានការឈឺចាប់បំផុត ។
បើតាមសម្តីម្ដាយជនរងគ្រោះឈ្មោះ សុខ នៀង បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះក៏មានការសម្រុះសម្រួលសារជាថ្មីម្តងទៀត ដោយសមត្ថកិច្ចបានហៅភាគីទាំងសងខាងចូលដោះស្រាយ ប៉ុន្តែភាគីជនបង្កយល់ព្រមសងជំងឺចិត្តត្រឹមតែចំនួន៦០០ដុល្លារតែប៉ុណ្ណោះ តែភាគីខាងជនរងគ្រោះមិនព្រមទទួលឡើយ ព្រោះសំណងនេះមើលជំងឺកូនគាត់មិនជាផង ។ បច្ចុប្បន្នមកទល់ពេលនេះ អាការៈជំងឺកូនរបស់គាត់(ជនរងគ្រោះ)មិនទាន់បានធូរស្បើយនៅឡើយទេ ព្រោះកន្លែងដែលរងរបួសនោះ គឺនៅលើភ្នែកខាងឆ្វេងពេលប្រឹងមើលគឺស្រវាំងនិងឈឺចុកពើតមកដល់ផ្នែកខាងក្បាលផងដែរ ។
ម្តាយជនរងគ្រោះបន្តថា ដោយសារតែរងចាំការដោះស្រាយអូសបន្លាយយូរថ្ងៃពេក ទើបគាត់បានមកដាក់ពាក្យបណ្ដឹងបន្ត នៅស្នងការនគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដោយមានការទទួលពាក្យបណ្តឹងពីមន្ត្រីនៃស្នងការខេត្តផងដែរ ។ ដោយក្រុមមគ្រួសាររបស់ជនរងគ្រោះក៏បានសំណូមពរដល់អធិការស្រុកល្វាឯម ឲ្យបញ្ជូនសំណុំរឿងគាត់ឡើងមកសាលាដំបូងខេត្តកណ្ដាល ដើម្បីរកយុត្តិធម៌ឲ្យពួកគាត់ផង ។
គួរបញ្ជាក់ផងដែរថា បើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា២១៨ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕សហការី