ខេត្តកណ្ដាល៖ បុរសម្នាក់ឆក់កណ្ដុរក្នុងចំការសណ្ដែករបស់ខ្លួន មិនប្រយ័ត្នបានឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចក់ ចាប ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ អាគុយម៉ាកJP កម្លាំង៥០អំពែចំនួន១គ្រឿង ,អាំងវិចទរ័ចំនួន១គ្រឿង , ដង្គៀបចាប់អាគុយចំនួន២ និងខ្សែលួសប្រវែង ២២៧ម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុខាងលើ បុរសរងគ្រោះបានបានចេញពីផ្ទះទៅរាយឧបករណ៍ឆក់កណ្ដុរនៅចំការសណ្ដែករបស់ខ្លួន លុះមកដល់វេលាម៉ោង១៨និង៣០នាទី ស្រ្ដីឈ្មោះ ឡឹម សុខរ៉ា ដែលរស់នៅជិតកន្លែងកើតហេតុ បានឮសម្លេងមនុស្សស្រែកថ្ងូរចំនួនពីរទៅបីដងហើយស្ងាត់ទៅវិញ ដោយមានការសង្ស័យក៏ឲ្យប្ដីរបស់គាត់ដើរទៅមើល ភ្លាមនោះក៏ស្រាប់តែឃើញជនរងគ្រោះដួលដេកទៅលើដីដោយដៃខាងស្ដាំមានកាន់ខ្សែរលួស ភ្លាមនោះក៏ផ្អើលឆោរឡោ ដល់ក្រុមគ្រួសារ ,ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុក ដើម្បីធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុកបានចុះមកធ្វើការពិនិត្យឃើញថា៖ស្នាមខ្លោចដៃស្តាំចំនួនមួយកន្លែង ,ស្នាមដាច់មុតចុងចិញ្ចើមខាងស្ដាំប្រវែង២,៥សង់ទីម៉ែត្រx០,៥សង់ទីម៉ែត្រ ,ស្នាមខ្មៅក្រៀមលើស្មាខាងឆ្វេងប្រវែង០,៣សង់ទីម៉ែត្រ ។
បន្ទាប់ពីធ្វើការពិនិត្យចប់ សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់កណ្ដុរ បណ្ដាលឲ្យឆក់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ