ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស 330 បើកបុកចូលផ្ទះ ប្រជាពលរដ្ឋ របួសកូនតូច២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់វ័យប្រហែលជា២៧ឆ្នាំ បើករថយន្តបង្កមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយងោកមួយភាំង បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខ្ទេច ខូចខាត និងរបួសធ្ងន់២នាក់ជាក្មេងស្រីតូចៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាសុផារ៉ា នៅចំណុចហាងសុខគារមួយហេង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ វ័យប្រហែលជា២៧ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-2667 បើកបរតាមបណ្តោយផ្លូវជាសុផារ៉ា ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ ម្ចាស់រថយន្តងងុយដេកងោកមួយភាំង រេចង្កូតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបររកសុីលក់បាយម្ហូប បណ្តាលឲ្យខ្ទេចខូចខាតចានឆ្នាំង និងបែកទូចង្ក្រាន រួចបណ្តាលឲ្យរងរបួសក្មេងស្រី២នាក់តូចៗ មួយអាយុ៦ឆ្នាំ មួយទៀតអាយុ៩ឆ្នាំ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រីឯរថយន្តបង្ករងការខូចខាតខ្ទេចអស់មួយជំហៀងខាងស្តាំ និងដាច់កញ្ចក់មុខខាងឆ្វេងភ្លាមៗនោះដែរ រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែ២ ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖