ព័ត៌មានទាន់ហេតុការណ៍៖

គូសង្សារមួយគូបានឈ្លោះប្រកែកគ្នា ទុករថយន្តចោលហើយប្រតាយប្រតបគ្នាពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងស្ត្រីម្នាក់ជិះរថយន្តមកឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីរំលងអធាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចម្តុំបឹងកក់ផ្លូវ R6 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Visto ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2S-6134 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាបតែរថយន្ត Visto នោះបើកទៅឈប់នៅលើចញ្ចើមផ្លូវហើយឃើញខាងស្រីប្រតាយប្រតបគ្នាពេញក្នុងរថយន្ត រួចក៏បើកទ្វាររថយន្តចេញមកវៃគ្នាពេញផ្លូវ រត់ចូលទៅក្នុងប្លុកបឹងកក់ ផ្លូវរ៉ារថភ្លើង និងខាងស្រីនោះស្រែកយំបោកខ្លួន ហើយនិយាយថា ហេតុអីបានជាបងឯងកុហក់ខ្ញុំលួចមានស្រីថ្មី ហើយទ្រហ៊ោយំថាខ្លួនចង់បានលេខខាងស្រីនោះ ប៉ុន្តែខាងបុរសនោះមិនព្រមឲ្យ ហើយប្រតាយប្រតបគ្នាឡើងដាច់អាវភ្លាមៗនោះដែរ ក៏បានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកបានមកដល់ ក៏បានជួយសម្របសម្រួលឲ្យភាគីទាំងសងខាងឈប់ឈ្លោះគ្នា ហើយត្រឡប់ទៅផ្ទះកុំឲ្យផ្អើលប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏ព្រមឡើងរថយន្តរួចបើកត្រឡប់ទៅផ្ទះបាត់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖