ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖
«អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន
សូមរំលឹកឡើងវិញអំពីប្រវត្តិស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើអោយឱ្យប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក និងជិះកាណូតឆ្លងដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។
រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្រ្គាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយក៏បានប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។
នៅចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលធានាសុវត្ថិភាពឡើងវិញជាបន្ទាន់។
ក្រោយពីការជួសជុលរួចរាល់ដែលបានដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។ ដូច្នេះថ្ងៃនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មីមួយទៀតផងដែរ សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសករដាក់អោយប្រប្រាស់ថ្ងៃនេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ។
សូមបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថភាពទាំអស់គ្នា ហើយចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាពិសេស ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមអរគុណរដ្ឋាភិបាល និងប្រជាជប៉ុនដែលតែងតែជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា» ៕