ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២១៩ នេះតុលាការ បានសម្រេចចោទប្រកាន់លោក ផែង វណ្ណៈ ចំនួន២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។
នៅដំណាក់កាលនេះ ចៅក្រមស៊េីបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនលោក ផែង វណ្ណៈ ។
បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល ៕