ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចិត្តខ្លាំងរត់ទិញប្រេងសាំងចាក់ដុតខ្លួនឯងខឹងបងប្អូនស្តីបន្ទោសបន្តិចបន្តួច

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនចិត្តខ្លាំងម្នាក់ បានផឹកស្រាស្រវឹង ហើយរត់ទៅទិញសាំង យកមកចាក់ស្រោចដុតខ្លួនឯង បន្ទាប់ពីបងប្អូនស្តីបន្ទោសឲ្យបន្តិចបន្តួចបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង ១៤.៤៥ នាទី ថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះឈ្មោះវែន ប៉ុង ស្ថិតក្នុងភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃខេត្តរតនគិរី ។

ប្រភពពីមន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផ្លា ប៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយត្រូវបានបងប្អូននិយាយណែនាំ និងស្តីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ ក៏ខឹងចិត្តបានរត់ទៅទិញប្រេងសាំង មកចាកស្រោចដុតខ្លួនឯងតែម្ដង តែត្រូវបងប្អូនជួយទាន់ ។

រួចបងប្អូនក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាលបន្ទាន់ នៅមណ្ឌលសុខភាពវីរៈជ័យស្រុកវ៉ើនសៃភ្លាមៗផងដែរ ៕ ជីវន្ត័


ចែករំលែក៖