ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញទីតាំងផលិតគ្រឿងញៀនដ៏ធំមួយនៅ ខណ្ឌសែនសុខ ម្ចាស់ទីតាំងកំពុងរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ មិនគួរឲ្យជឿទាល់តែសោះថា មានឧក្រិដ្ឋជនហ៊ានលួចផលិតគ្រឿងញៀនកណ្តាលក្រុងភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងស្ទូចយកម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនប្រភេទ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះគ្មានលេខតាមបណ្តោយផ្លូវ៣៧១សឡាភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញបង្កឲ្យមានការកកស្ទះចរាចរណ៍ ដោយពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវ៣៧១សឡា បាននាំគ្នាចោមរោមមើល ហើយហួសចិត្តស្ទើរតែមិនគួរឲ្យជឿថា ឧក្រិដ្ឋជនដែលជាម្ចាស់ទីតាំងខាងលើនេះ ហ៊ានអី ក៏ហ៊ានយ៉ាងនេះ ដោយហ៊ានយកម៉ាស៊ីនផលិតគ្រឿងញៀន មកផលិតនៅទីសារធារណៈជាប់ ផ្លូវធំសូម្បីតែសមត្ថកិច្ចមូលដ្ឋានពុំបានដឹងនេះ សូមសរសើរហើយដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញទាន់ កុំអីមិនដឹងជាឧក្រិដ្ឋជនមានឱកាសផលិតចេញគ្រឿងគ្រឿងជាច្រើនគីឡូក្រាម ដើម្បីយកទៅចែកចាយបន្តបំពុលយុវជនដែលជាទំពាំងស្នងឫស្សីវង្វេងវង្វាន់អស់ប៉ុន្មាននាក់នោះទេ ។

ជុំវិញករណីបង្រ្កាបទីតាំងផលិតគ្រឿងញៀនខាងលើនេះសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនមិនអាចបញ្ជាក់ប្រាប់ថាបានដកហូតថ្នាំញៀនប៉ុន្មានគីឡូក្រាមនោះទេ ដោយគ្រាន់តែបង្ហើបថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់មេក្លោងឲ្យបាននាពេលឆាប់ៗខាងមុខនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ តុង សីហា


ចែករំលែក៖