ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន នី យកដីសួនច្បារសាធារណៈជួលឲ្យអាជីវករលក់ដូរយ៉ាងសប្បាយនិងកើបលុយដាក់ហោប៉ៅ

ចែករំលែក៖

ខេត្តសៀមរាប ៖ ផ្សារក្រោមស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គេសង្កេតឃើញសកម្មភាព តាមដងផ្លូវលើសួនច្បារសាធារណៈ បង្កភាពអនាធិបតេយ្យយ៉ាងពេញទំហឹង ដោយសារតែអ្នកម៉ៅការផ្សារជួលឲ្យអាជីវករ លក់ដូរយ៉ាងសប្បាយ និងកើបលុយចែកគ្នាដាក់ហោប៉ៅ ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារក្រោម បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពេលគាត់ចេញពីផ្ទះទៅធ្វើការ ជិះម៉ូតូ ឬរថយន្តមកដល់ផ្សារនេះ គឺមានការស្ទះចរាចណ៍យ៉ាងយូរ និងការលក់ដូរលើដងផ្លូវ ហើយចតម៉ូតូ និងរថយន្តជាច្រើន បណ្តាលឲ្យកកស្ទះហើយមិនឃើញប្រធានផ្សារ ឬអាជ្ញាធមមានសមត្ថកិច្ចចុះមករៀបចំសណ្តាប់ធ្នាប់ឲ្យមានសោភ័ណភាពនោះទេ ឃើញមានតែការប្រមូលលុយពីអាជីវករលក់តែប៉ុណ្ណោះ ។

លោកស៊ុន នី ប្រធានផ្សារក្រោមធ្លាប់ផ្ដល់បទសម្ភាសតាមទូរស័ព្ទថា ដីសួនច្បារនេះ គាត់មានទម្លាប់ជួលឲ្យលក់ដូរតាំងពីអភិបាលខេត្តមុនមកដល់សព្វថ្ងៃនេះ ការជួលឲ្យអាជីវករលក់ដូរមួយតូបចាប់ពី៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល និងដាក់កន្លែងផ្ញើកង់ ម៉ូតូ រថយន្តដើម្បីប្រមូលថវិកាបង់ទៅខាងសាលាក្រុង ចំនួន1500$ ក្នុងមួយខែ សម្រាប់ចែកគ្នារស់ ។

គួរបញ្ចាក់ផ្សារក្រោម គឺជាផ្សារធំមួយដែលមានមនុស្សជាច្រើនចេញចូលទិញអីវ៉ាន់ ធ្វើឲ្យពួកគាត់ថប់អារម្មណ៍ ដោយខ្វះអនាម័យ បណ្តាលឲ្យមានក្លិនស្អុយពេញផ្សារគ្មានការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពជាពិសេសបណ្តែតបណ្តោយឲ្យលក់ហូរហៀរដល់ចិញ្ចើមផ្លូវ ធ្វើឲ្យរាំងស្ទះអ្នកធ្វើដំណើរលើដងផ្លូវ ៕ ប៊ុនរិទ្ធី


ចែករំលែក៖