គ្រោះទឹកជំនន់ ជាទ្រង់ទ្រាយធំ វាយប្រហារ អ៊ីរ៉ង់ សម្លាប់មនុស្ស ៥៧នាក់ និងជិត៥០០នាក់រងរបួស ផ្ទះរាប់សិបខ្នង ត្រូវលិចលង់ដោយទឹកជំនន់ ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នអ៊ីរ៉ង់បានប្រកាសឲ្យដឹងថា មានមនុស្ស ៥៧នាក់ស្លាប់ និង ៤៧៨នាក់រងរបួស ក្នុងគ្រោះទឹកជំនន់២សប្តាហ៍កន្លងមក ។
លោក Mojtaba Khaledi អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះធម្មជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យលិចលង់បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋជាច្រើន តាំងពីជនបទរហូតដល់ទីក្រុង ។ តំបន់ជនបទមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៩ ខែមីនាមកទល់ពេលនេះ ។
ប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យយឺតយ៉ាវ ដល់បុគ្គលិកផ្តល់ជំនួយ ក្នុងការបញ្ជូនឧទ្ធម្ភាគចក្រ ទៅតំបន់រងគ្រោះទឹកជំនន់ក្នុងប្រទេស ព្រោះតែភាពខ្សត់ខ្សោយ នៃក្រុមឧទ្ធម្ភាគចក្រជាតិ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយក្នុងសារមួយថា ទណ្ឌកម្មសហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យយឺតយ៉ាវ ដល់កិច្ចខិតខំប្រឹងប្រែងបញ្ជូនជំនួយ របស់ក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ទៅកាន់សហគមន៍ទាំងអស់ ដែលរងគ្រោះ ដោយទឹកជំនន់មិនធ្លាប់មានពីមុនមក ។
គួរបញ្ជាក់ថា តាមការផ្សាយរបស់កាសែត រ៉យទ័រ កិច្ចព្រមព្រៀងមួយជាមួយ មហាអំណាចពិភពលោក ស្តីពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៥ បានបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ធ្វើទំនើបកម្មលើកងយន្តហោះរបស់ខ្លួនបាន ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ កាលពីឆ្នាំមិញ ហើយបានដាក់ទណ្ឌកម្មជាថ្មីម្តងទៀត លើប្រទេសអ៊ីរ៉ង់៕