តាំងពីដើមមក យោធាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារ រាជានិយមនៅក្នុងប្រទេសថៃ ។ យោធាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្ត តាមរាជ្យបញ្ជារបស់ព្រះមហាក្សត្រថៃ ដើម្បីដោះស្រាយវិវាទនយោបាយនាពេលកន្លងមក ។ ទាំងនោះហើយ បានជាយោធាថៃ មានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងវិស័យនយោបាយថៃ តាំងពីឆ្នាំ១៩៣២ មកទល់ពេលនេះ ដោយយោធាបានធ្វើរដ្ឋប្រហារដល់ទៅ១២លើក ។
កាលពីថ្ងៃទី២ ខែមេសាកន្លងមក ក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ថៃ លោក Apirat Kongsompong បានព្រមានថា កងកម្លាំងយោធា គ្មានក្តីមេត្តាសោះឡើយ សកម្មភាពណាមួយគំរាមកំហែងដល់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋនោះ ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថៃបានបោះឆ្នោតសកល ជាលើកដំបូង ក្រោយរដ្ឋប្រហារយោធាលើកទី១២ ចាប់តាំងពីឆ្នាំ១៩៣២រហូតមក ទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រីយីងឡាក់ ហើយបង្កើតរដ្ឋាភិបាលយោធាដឹកនាំប្រទេសថៃបាន៤ឆ្នាំ ដែលលោកប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី ។
លទ្ធផលបោះឆ្នោតផ្លូវការ គណៈកម្មការបោះឆ្នោតប្រទេសថៃ គ្រោងប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការបោះឆ្នោតបានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង១០០ភាគរយ ឃើញថា គណបក្សគាំទ្រដោយយោធា Palang Pracha Rath ទទួលបានសំឡេងគាំទ្រ ៨.៤ លានសន្លឹក ច្រើនជាង គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង និងជាគណបក្សធ្លាប់មានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានសំឡេងគាំទ្រ ៧.៩ លានសន្លឹកតែប៉ុណ្ណោះ ។
ប្រជាជនថៃគ្រប់ច្រកល្ហក ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រមូលហត្ថលេខាសរុបប្រហែល ៨០០,០០០ ហត្ថលេខា នៅលើញត្តិមួយ ទាមទារឲ្យរំលាយគណៈកម្មការបោះឆ្នោត បង្កើតឡើងដោយក្រុមយោធានេះ ដោយអាស្រ័យថា វាពោរពេញដោយភាពមិនប្រក្រតីកើតឡើងស្តីអំពីការបោះឆ្នោតថ្មីៗកន្លងមក ។
នាយឧត្តមសេនីយ៍ផ្កាយមាស៤ របស់ប្រទេសថៃ លោក Kongsompong បានចេញព្រមានបែបនេះ ទំនងសំដៅទៅលើក្រុមគណបក្ស ឆ្ពោះទៅអនាគត (Future Forward Party)នោះហើយ ដែលគណបក្សនេះ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣ផងដែរ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ។
លោក Piyabutr Saenkanokkul សហស្ថាបនិកគណបក្សឆ្ពោះទៅអនាគត និងជាអ្នកធ្លាប់នៅក្នុងក្រុមបញ្ញវ័ន្តផ្នែកច្បាប់ Nitirat ដ៏ល្បីល្បាញផងនោះ បានគិតពិចារណាអំពីការកែទម្រង់ ច្បាប់ប្រមាថព្រះមហាក្សត្រ ឬ Les Majeste Law ដែលច្បាប់នេះបានដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនណាមានកំហុសពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ។
លោកThananthorn Juangroongruangkit ប្រធានគណបក្សនេះ បានបញ្ជាក់ថា លោកប្រឆាំងចំពោះការចោទប្រកាន់ថា គណបក្សរបស់លោកមិនគាំទ្ររបបរាជានិយមនោះ ៕