ភ្លើងឆេះព្រៃ និងការដុត កាកសំណល់កសិកម្ម នៅតំបន់ភាគខាងជើងប្រទេសថៃ ធ្វើឲ្យផ្សែងអ័ព្ទគ្របដណ្តប់តំបន់ជាច្រើន ។ ផ្សែងអ័ព្ទបានប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចប្រជុំកំពូល របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអគ្គនាយកបណ្តា ធនាគារ នៅទ្វីបអាស៊ី ដែលរៀបចំឡើងនៅប្រទេសថៃ ។
ផលប៉ះពាល់បានធ្វើឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់ អូចា ត្រូវទៅកាន់ ខេត្ត Chiang Mai ដែលជាខេត្ត ទេសចរណ៍ដ៏សំខាន់ ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ កម្រិតជាតិពុលនៅទីនោះ ឈានដល់ដំណាក់កាលគ្រោះថ្នាក់ ។
អាជ្ញាធរប្រទេសថៃ បាននិងកំពុងឈឺក្បាលទៅនឹងបញ្ហាផ្សែងពុល ដែលបាននិងកំពុងគំរាមកំហែងសុខភាពប្រជាជនដ៏ធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃនោះតែម្តង ។ មេដឹកនាំរបស់ប្រទេសនេះ បានដាក់កំហិតឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាផ្សែងពុលនេះឲ្យបានក្នុងរយៈពេល៧ថ្ងៃ ។
បច្ចុប្បន្ន តំបន់ភាគខាងជើងប្រទេសថៃ កំពុងរងគ្រោះដោយសារផ្សែងពុលជាមួយកម្រិតភាគល្អិត PM2.5 ដែល ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង ខណៈសាលារៀនមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចាបានសម្រេចចិត្តទុកពេលវេលា៧ថ្ងៃឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាផ្សែងពុលនៅក្នុងខេត្តឈៀងម៉ៃ (Chiang Mai) ស្ថិតនៅភាគខាងជើងនៃប្រទេស ។ លោកថ្លែងបែបនេះនាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្ត ឈៀងម៉ៃ ហើយលោកក៏បានអំពាវនាវឱ្យប្រជាជន ក្នុងតំបន់បញ្ឈប់ការដុតដំណាំផងដែរ។
លោក ប្រាយុទ្ធ ចាន់ អូចា បានគូសបញ្ជាក់ថា សូមបញ្ជាក់ឡើងវិញថា បញ្ហា ដុតដំណំានៅក្នុងតំបន់ត្រូវតែបញ្ឈប់ ឬត្រូវដោះស្រាយក្នុងរយៈពេល៧ថ្ងៃ ពោលគឺនិយាយជារួមគ្មាននរណាម្នាក់អាច ដុតភ្លើងនៅក្នុងព្រៃនោះទេ ៕