ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាម អំពើហិង្សាជាតិសាស្ត្រ បម្រែបម្រួលអាកាសធាតុ ជាដើមហេតុ បង្កឲ្យមានគ្រោះអត់ឃ្លាននៅលើពិភពលោក

ចែករំលែក៖

សង្គ្រាមប្រដាប់អាវុធ និងគ្រោះធម្មជាតិ បានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកប្រឈមនឹងគ្រោះអត់ឃ្លាន ។ បច្ចុប្បន្នគ្រោះធម្មជាតិបានកើតឡើង ស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោកនេះ បង្កផលប៉ះពាល់ខ្លាំងជាងគេបំផុត ។

គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គឺជាដើមហេតុ បង្កឲ្យមានគ្រោះអត់ឃ្លាន ។ សូម្បីតែនៅអាមេរិក មានរដ្ឋជាច្រើនត្រូវលិចលង់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កសិករអាមេរិក ដោយផ្ទៃដៃ កសិកម្ម រាប់ម៉ឺនហិកតា ត្រូវលិចលង់ ។

គ្រោះទឹកជំនន់បានកើតឡើង ខ្ពស់នៅក្នុងឆ្នាំ២០១៩នេះ ដោយមានប្រទេសជាច្រើន បានជួបគ្រោះធម្មជាតិ ខ្យល់ព្យុះ ជាច្រើន ដូចជានៅប្រេស៊ីល អ៊ីរ៉ង់ អាមេរិក អឺរ៉ុប ទ្វីបអាហ្វ្រិក អូស្ត្រាលី និងប្រទេសតំបន់អាស៊ីជាច្រើនទៀត ។

ក្រៅពីគ្រោះធម្មជាតិ នៅមានសង្គ្រាមប្រដាប់អាវុធ ដែលបានកើតឡើង នៅប្រទេសជាច្រើន ។ លើសពីនេះទៅទៀត ការដាក់ទណ្ឌកម្មរបស់អាមេរិក ក៏បានធ្វើឲ្យពលរដ្ឋរាប់លាននាក់ប្រឈមនឹងគ្រោះអត់ឃ្លានផងដែរ ក្នុងនោះមានកូរ៉េខាងជើងជាដើម ។ ទិន្នផលកសិកម្មកូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ ធ្វើឲ្យពលរដ្ឋប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក្តីសង្ឃឹមពីការរួចផុតទណ្ឌកម្ម របស់អាមេរិក នៅក្នុងជំនួបពិភាក្សា នៅប្រទេសវៀតណាម ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ សង្រ្គាម ជម្លោះប្រដាប់អាវុធ ហើយនិងគ្រោះមហន្តរាយធម្មជាតិ មនុស្សប្រមាណ ១១៣លាននាក់ ក្នុងពិភពលោក ធ្លាប់ឆ្លងកាត់ គ្រោះអត់ឃ្លានខ្លាំង កាលពីឆ្នាំ២០១៨ ។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ផ្តោតសំខាន់លើគ្រោះអត់ឃ្លាន នៅក្នុងប្រទេសដែលកំពុង ធ្លាក់ក្នុងសង្រ្គាម ហើយនិងប្រទេសដែលកំពុងទទួលទទួលជនភៀសខ្លួន ដែលរត់គេចខ្លួនពីសង្រ្គាមហើយនិងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកំណើត ។

នៅក្នុងរបាយការណ៍ ដែលជាលទ្ធផលនៃការសិក្សាអស់រយៈពេល៣ឆ្នាំទៅលើបណ្តាប្រទេស ដែលកំពុងជួបការលំបាកក្នុងការផ្តល់អាហារូបត្ថម្ភដល់ប្រជាជន ។ អង្គការFAO បានរកឃើញថា មនុស្សជាង ១០០លាននាក់ ក្នុងប្រទេសចំនួន ៥៣ បានជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១៨ ។ យេម៉ែន ស៊ីរី អាហ្វហ្កានីស្ថាន ស៊ូដង់ ឬអេត្យូពីរ ស្ថិតនៅក្នុងចំណោមប្រទេសចំនួន៨ ដែលមានប្រជាជន ជួបគ្រោះអត់ឃ្លាន ច្រើនជាងគេ គឺបូកបញ្ចូលគ្នា ស្មើនឹង២ភាគ ៣នៃប្រជាជនសរុប ដែលជួបគ្រោះអត់ឃ្លាន ។

តាមរបាយការណ៍របស់អង្គការFAO អាហ្វ្រិកនៅតែជាទ្វីបដែលជួបគ្រោះទុរភិក្សខ្លាំងជាងគេ ជាមួយនឹងចំនួនមនុស្សដែលប្រឈមនឹងការខ្វះចំណីអាហារ ដល់ទៅ ៧២លាននាក់ ។ សង្រ្គាម ជម្លោះប្រដាប់អាវុធ អសន្តិសុខ បញ្ហាសេដ្ឋកិច្ច ហើយ និងកត្តាប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ នៅតែជាដើមហេតុចំបងដែលបង្កឲ្យមានគ្រោះទុរភិក្សក្នុងពិភពលោក ។

នៅក្នុងរបាយការណ៍ ដែលផ្តោតទៅលើស្បៀងអាហារពិភពលោក នៅឆ្នាំ ២០១៩ អង្គការស្បៀងអាហារ និងកសិកម្ម FAO របស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នផងដែរពីគ្រោះអត់ឃ្លាន ដែលអាចកើតមាន នៅបណ្តាប្រទេស ដែលកំពុងទទួលជនភៀសខ្លួន ដូចជា អេហ្ស៊ីប លីបង់ តួកគីជាដើម ដែលផ្តល់ជំរកដល់ជនភៀសខ្លួនស៊ីរី ឬប្រទេសបង់ក្លាដែសដែលទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីភូមាដល់ទៅជាង ១លាននាក់ ។

នៅក្នុងរបាយការណ៍លើកនេះ អង្គការFAO បានបង្ហាញកង្វល់ផងដែរពីកើនឡើងនៃចំនួនជនភៀសខ្លួន ឬមនុស្សផ្លាស់ទី ដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ នៅប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវប្រកាសអាសន្នស្តីពីការខ្វះស្បៀងអាហារ នៅឆ្នាំនេះ ។

ជារួម បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានមនុស្ស ជួបគ្រោះអត់ឃ្លាន រហូតដល់១២៤ លាននាក់ ឆ្នាំ ២០១៨ មានចំនួនប្រជាជនរងគ្រោះដោយសារការអត់ឃ្លាន បានថយចុះ អស់ ១១លាននាក់ ដោយសារតែ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ហើយ និងអាមេរិកឡាទីន មិនបានជួបគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដូចឆ្នាំមុនៗ ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អង្គការFAO បានព្រមានទុករួចហើយថា ស្ថានភាពគ្រោះទុរភិក្ស នៅឆ្នាំ ២០១៩ នឹងអាចត្រលប់ទៅអាក្រក់វិញ បើសិនវិបត្តិសព្វថ្ងៃនេះ នៅបន្តកើតមាននោះ ជាពិសេសវិបត្តិសេដ្ឋកិច្ច និងភាពក្រីក្រ ដល់កម្រិតរបស់ប្រជាជនវ៉េណេស៊ុយអែឡា ។

តំបន់ដែលភាពអត់ឃ្លានកំពុងកើនខ្លាំងជាងគេ គឺនៅអាមេរិកខាងត្បូង និងតំបន់មួយចំនួនក្នុងទ្វីបអាហ្រ្វិក ។ តាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក មានមូលហេតុសំខាន់ចំនួន ៣ ដែលបញ្ជាក់ពីកំណើនភាពអត់ឃ្លានក្នុងលោក ទី១ បម្រែបម្រួលអាកាសធាតុដូចយ៉ាងភាពរាំងស្ងួត និងទឹកជំនន់ ទី២ ជម្លោះប្រដាប់អាវុធអូសបន្លាយ និងទី៣ វិបត្តិសេដ្ឋកិច្ច ។ ក្នុងឆ្នាំ ២០១៧ កន្លងទៅ មានមនុស្សប្រមាណជា ១២៤លាននាក់នៅក្នុង ៥១ប្រទេសបានប្រ ឈមនឹងគ្រោះទុរ្ភិក្សដោយសារតែជម្លោះប្រដាប់អាវុធអូសបន្លាយ និងគ្រោះមហន្តរាយអាកាសធាតុ ដូចយ៉ាងប្រទេសយេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង ឬប្រទេសអាហ្វហ្កានីស្ថានជាដើម ៕


ចែករំលែក៖