ព័ត៌មានទាន់ហេតុការណ៍៖

ហាងម៉ាស្សាយីហោ “ម៉ៅ សំរិទ្ធ ម៉ាស្សា” ថ្លើមធំហ៊ានបង្កប់សេវាជក់គ្រឿងញៀន ជាប់របងអធិការដ្ឋាននគរបាលខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាថ្លើមធំមែនហាងម៉ាស្សាយីហោ “ម៉ៅ សំរិទ្ធម៉ាស្សា” ដែលមានព្រំប្រទល់ជាប់នឹងរបងអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានលួចបង្កប់សេវាសេបគ្រឿងញៀន ដោយគិតថាសមត្ថកិច្ចមិនដឹង ទីបំផុតត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌមានការសង្ស័យចុះរដ្ឋបាលឆែកឆេរជាក់ស្តែង ឃាត់ខ្លួនបានមនុស្ស៤នាក់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនផងដែរ ។

ក្នុងករណីនគរបាល ខណ្ឌ៧មករា ចុះរដ្ឋបាលខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង យីហោ “ម៉ៅ សំរិទ្ធ ម៉ាស្សា” ដែលមានទីតាំងក្រោយបុរីកីឡា តាមផ្លូវលេខ១៦២ ជាប់របង អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ស្ថិតក្នុង សង្កាត់វាលវង្ស ខណ្ឌ៧មករារាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់នេះ ទី១ ឈ្មោះ មាស សុវណ្ណះ ភេទ ប្រុសអាយុ ៣៨ឆ្នាំជនជតិខ្មែរ មុខរបរ កម្មករ លីសែង ទីលំនៅ ស្នាក់នៅស្តង់លក់បន្លែផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ;ទី២ឈ្មោះអៀ ចាន់ដារី ភេទ ប្រុស អាយុ៣១ឆ្នាំខ្មែរមុខរបរមិនពិតប្រាកដទីលំនៅ សង្កាត់ក្រាំធ្នុង ខណ្ឌ សែនសុខ;ទី៣ ឈ្មោះ វង្ស ខាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ ជួល ផ្លូវលេខ ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័រាជធានីភ្នំពេញ និងទី៤ឈ្មោះ ជូ រដ្ឋាភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះលេខ ៣អឺz. ផ្លូវ២២៧ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ។ ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ; ទូរសព្ទ័ដៃ៣គឿង ; ម៉ូតូគុប ពណ៏ទឹកប្រាក់ចំនួន០១គឿងស្លាកលេខ ភ្នំពេញ ១w៣៨៧០ ; ដបទឹកសុទ្ធ មួយដបមានសារធាតុញៀន ។

យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្លាំងនគរបាល ខណ្ឌ៧មករា ដឹកនាំដោយលោក ក្រេត សក្តិរីន អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌ៧មករា បាននាំកម្លាំងចុះធ្វើការត្រួតពិនិត្យរដ្ឋបាល ក្នុងផ្ទះម៉ាស្សាខាងលើ ដោយឆែកឆេរចំនួន២បន្ទប់ គឺបន្ទប់លេខ១៦ និងបន្ទប់លេខ៤៣ ដោយរកឃើញសម្ភារៈពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យ៤នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួចកម្លាំងផ្នែកជំនាញបានធ្វើតេស្តទឹកនោមឃើញថាមានសារធាតុញៀន បច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ស រស្មី


ចែករំលែក៖