ភ្នំពេញ៖ បុរសម្នាក់ត្រូវចោរលួចរ៉ឺម៉កម៉ូតូកង់បីបាត់ជាង១០ថ្ងៃ ខណៈនៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ក៏បានរកឃើញនៅកន្លែងផ្ទះទិញអេតចាយមួយកន្លែង តាមបណ្ដោយផ្លូវបេតុង២BT ជាប់មាត់ប្រឡាយទឹកស្អុយ ក្នុង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយនៅសល់តែកន្ទុយរឺម៉កបាត់ម៉ូតូ រួចក៏ទៅប្ដឹងសមត្ថកិច្ចចុះមកយកកន្ទុយរឺម៉កវិញ ព្រមទាំងនាំខ្លួនអ្នកទិញទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រ៉ឺម៉កមានឈ្មោះ ប្រាក់ យ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ រត់រឺម៉កម៉ូតូកង់បី ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
តាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ខែមីនា ឆ្នាំ២០១៩ រូបគាត់បានដាក់រ៉ឺម៉កកង់បីដែលមានស្លាកលេខ ព្រៃវែង 1A-3722 នៅមុខផ្ទះរួចចូលដេក លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺពេលដែលកូនគាត់មកពីរត់(កង់បី ឥណ្ឌា)វិញទើបដឹងថាបាត់រ៉ឺម៉កម៉ូតូ រួចព្រឹកឡើងគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ។
ក្រោយមក បានបង្ហោះតាមហ្វេសប៊ុក និងបានដើររករហូត លុះព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ ទើបប្រទះឃើញ កន្ទុយរុឺម៉ក តែបាត់ម៉ូតូ ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍មកយករឺុម៉ក និងបាននាំខ្លួនអ្នកទិញយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ផងដែរ ។
បច្ចប្បន្ននេះ បុរសអ្នកទិញរ៉ឺម៉កត្រូវបានសមត្ថកិច្ចយកមកសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ពីបទទទួលផលចោរកម្ម ។ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ