ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូឈើ លោកគង់ ចំរើន ទិញឈើគ្មានច្បាប់ ហេតុអ្វីជំនាញមិនបង្រ្កាប?

ចែករំលែក៖

ខេត្តសៀមរាប៖ ដេប៉ូមួយកន្លែងត្រូវបានគេដឹងថា ទិញឈើអត់ច្បាប់រាប់សិបឆ្នាំមកហើយ ដោយសារតែមានការឃុបឃិតពីមន្រ្ដីជំនាញរដ្នបាលព្រៃឈើ និង មន្រ្ដីបរិស្ថាន ខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ដើរយកលុយ និងបង់ជាប្រចាំខែ ទើបធ្វើឲ្យឈ្មួញដែលជាថៅកែដេប៉ូឈើ ឈ្មោះ គង់ចំរើន ជាមនុស្សសំដីឈ្លើយ មានអំណួតអួតក្អេងក្អាង ដែលមានអ្នកធំចាំទ្រពង ពីក្រោយខ្នង ជាខ្នងបង្អែក ធ្វើឲ្យដេប៉ូឈើមួយកន្លែងនេះ អាចដំណើរការយ៉ាងរលូន រហូតមកដល់សព្វថ្ងៃ ដេប៉ូមួយកន្លែងនេះ ត្រូវបានគេដឹងថា មានទីតាំងស្ថិតនៅជិតភោជនីយដ្ឋាន សប្បាយៗ១២ តាមដងផ្លូវជន្លង់ ក្រុងសៀមរាប ។

ពាក់ព័ន្ធនឹងរឿងនេះ លោក ឡឹង សុខា មន្រ្ដី ខណ្ឌរដ្នបាលព្រៃឈើ ក្រុងសៀមរាប អ្នកដើរប្រមូលលុយតាមដេប៉ូ បានឲ្យដឹងថា ដេប៉ូ លោក គង់ចំរើន ពិតជាមានច្បាប់ត្រឹមត្រូវ ចំណែកឈើក៏មានច្បាបត្រឹមត្រូវដូចគ្នាដែរ ។

ប្រភពច្បាស់ការបានឲ្យដឹងថា ឈើដែលដឹកពីខេត្តព្រះវិហារមក នោះគ្មានច្បាប់នោះទេ បើមិនដូច្នោះទេ មិនមែន អ្នកដឹកឈើបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទើរតែទាំងអស់នោះទេ ។

ចំណែក លោក ម៉ុង ប៊ុនលីម នាយ ខណ្ឌរដ្នព្រៃឈើ ខេត្តសៀមរាប ភ្នាក់ងារយកព័ត៌មានបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទជាច្រើនដង តែលោកមិនលើកទូរស័ព្ទទេ ពាក់ព័ន្ធការចោទប្រកាន់ពីពលរដ្ន និងមន្រ្ដីមួយចំនួនថា លោក ជាអ្នកនៅចាំកាងពីក្រោយខ្នង ពាក់ព័ន្ធ នឹងដេប៉ូ លោក គង់ចំរើននេះ មិនដឹងថា លោក ជាប់រវល់ ឬមិនហ៊ានលើកទូរស័ព្ទ ។

ចំណែកម្ចាស់ដេប៉ូឈើវិញ ដែលមានលេខទូរស័ព្ទ ០៩៥៣១៤៦១១ បានប្រាប់តាមទូរស័ព្ទថា ដេប៉ូគាត់មានច្បាប់ តែចំណែកត្រង់ឈើសួរថា មានច្បាប់ឬអត់? បែរជាម្ចាស់ដេប៉ូប្រាប់ថា ឲ្យទៅជួបនៅដេប៉ូរបស់គាត់ ដោយយកកាត់ យកឈ្មោះ និងបង្ហាញខ្លួនឲ្យគាត់បានឃើញផងទើបគាត់ប្រាប់បាន ៕ ប៊ុនរិទ្ធី


ចែករំលែក៖