ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​​ ស្នើ​សុំ​កុំ​តម្លើង​ថ្លៃ​ ផ្ទះ​សំណាក់​ ពេល​បងប្អូន​ប្រជាពលរដ្ឋទៅ​លេង​សង្ក្រាន្ត​សមុទ្រ​ព្រះសីហនុ​

ចែករំលែក៖

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ស្នើសុំ​ម្ចាស់​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ កុំ​តម្លើង​ថ្លៃ​ ពេល​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​សង្ក្រាន្ត​សមុទ្រ​ ចាប់​ពី​ថ្ងៃ​ទី​១៤ដល់​១៦ខែ​មេសា​ ឆ្នាំ​២០១៩​ ខាងមុខ​នេះ​ ។

យោង​តាម​ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សរសេរ​នៅ​ថ្ងៃទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បង្ហាញ​ថា”ខេត្តព្រះសីហនុ សព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រោះមានឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត ។ បច្ចុប្បន្ននេះ ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក៏កាន់តែងាយស្រួល ដោយសារផ្លូវថ្នល់ និងស្ពានរបស់យើងធំទូលាយល្អ” ។

នៅពេលចូលឆ្នាំខាងមុខនេះ ខេត្តព្រះសីហនុនឹងមានរៀបចំសង្រ្កាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី សង្ឃឹមថា បងប្អូននឹងទៅកំសាន្តនៅទីនេះច្រើនជាមិនខាន ។

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បន្ត​ថា”ទន្ទឹមនឹងនេះដែរ បងប្អូនអាជីវករ ជាពិសេសផ្ទះសំណាក់ និងសណ្ឋាគារ សុំកុំតម្លើងថ្លៃ ដើម្បីបងប្អូនប្រជាពលរដ្ឋមានឱកាសបានមកស្នាក់នៅកំសាន្ត និងប្រើប្រាស់សេវាកម្មនៅទីនេះបានដូចធម្មតា”៕ ចេស្តា


ចែករំលែក៖