ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្តកន្ត្រៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ និងខូចខាតម៉ូតូ១គ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២១និង៤០នាទី នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ព្រីងទុំ ពាក់ផ្លាកលេខ កំពង់ធំ 1K.4623បើកបរដោយឈ្មោះ ប្រាក់ ប្រុសពៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរជាងប៉ះកង់ឡាន ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ ស្រាន់ ភេទប្រុស អាយុ ១៣ឆ្នាំ នៅភូមិ/ឃុំជាមួយអ្នកបើកបរម៉ូតូ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) មុខរបរសិស្ស ។

អ្នកបើកបរនិងគោយន្តកន្រ្តៃមិនស្គាល់អត្តសញ្ញាណ បើកគេចខ្លួនបាត់ ។ មូលហេតុបង្កដោយគោយន្តកន្រ្តៃ គ្មានភ្លើង និងចំណាំងផ្លាតខាងក្រោយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាង ម៉ូតូ១គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ។ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖