ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូពេលយប់ ត្រូវក្មេងស្ទាវដេញចាក់ដែកឆាបរងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២​នាក់បានរងរបួសធ្ងន់ស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវក្មេងស្ទាវមួយក្រុមដេញវាយ និងចាក់ដែកឆាប ហើយព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចដេញឃាត់ជនបង្កបាន២នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​បុរី​ញ៉ូ​វ​ថោ​ន ដែល​ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើទី១​ ឈ្មោះ រ៉េ​ត សារី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ អែម ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ។

ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ សាញ់ សុខ​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ចេក ជិន​ចាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​រង​របួសស្រាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៩២០៥​ឌុ​ប​គ្នា​ទៅ​ផ្ទះ​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត នៅ​ម្តុំ​ផ្សារ​បែក​ចាន លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​មុខ​បុរី​ពិភព​ថ្មី​កំ​បូល ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លេ​ត និង​២​គ្រឿង​ទៀត​ម៉ាក​សង់​បិ​ច បាន​បើក​ម៉ូតូ​ដេញ​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​រត់​ចូល​ពួន​មួយ​កន្លែង លុះ​មិនឃើញ​ភាគី​បង្ក ពួក​គាត់​ក៏​បាន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ពួក​គាត់​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ នៅ​មុខ​បុរី​ញ៉ូ​វ​ថោ​ន ផ្សារអូរ​ដឹ​ម ស្រាប់តែ​ឃើញ​ភាគី​បង្ក​ជិះ​ម៉ាក​សង់​បិ​ច​ចំនួន​២​គ្រឿង​ដេញ​តាម​វាយ និង​ចាក់​ពួក​គាត់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ភាគី​បង្ក​ដែល​ជិះ​ម៉ូតូ​ម៉ាក​សង់​បិ​ច​ចំនួន​២​គ្រឿង​នោះ​បាន​នាំ​គ្នា​គេចខ្លួន​បាត់ តែ​ចៃដន្យ​នៅ​ពេល​នោះ​ដែរ ស្រាប់តែ​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រទះ​ឃើញ​ភាគី​បង្ក​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡែ​ត ហើយ​ក៏​ចាប់​ឃាត់ខ្លួន​បាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ជិត​កន្លែង​កើតហេតុ​ដែរ តែ​មន្ទីរពេទ្យ​ឯកជន​នោះ​មិន​ហ៊ាន​ទទួល​ឡើយ ទើប​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ​ផង​ដែរ ទើប​កសាង​សំណុំរឿង និង​បញ្ជូន​ជន​បង្ក​ទាំង​២​នាក់​ខាងលើ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕ សុខាសែនជ័យ


ចែករំលែក៖