ព័ត៌មានទាន់ហេតុការណ៍៖

សភាជាតិវៀតណាមរួមជាមួយ Vietjet ទទួលយកយន្តហោះ A321neo នៅប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ៖ ប្រធានរដ្ឋសភាជាតិរបស់ប្រទេសវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយនិងប្រភិភូរបស់លោកស្រីជាច្រើននាក់ទៀត ដែលជាសមាជិករដ្ឋសភាជាតិ បានបំពេញដំណើរទស្សនកិច្ច និងបានចូលរួមក្នុងពិធីប្រគល់យន្តហោះសេរីថ្មីប្រភេទ A321neo ដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet (វៀតជេត) ខណៈយន្តហោះថ្មីនេះ ត្រូវបានចុះបញ្ជីជាយន្តហោះ VN-A600 នៅឯរោងចក្ររបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus ។

ជាមួយនិងការមានកៅអីអង្គុយសរុបចំនួន២៣០ ដែលត្រូវបំពាក់ដោយស្រោមស្បែកសត្វប្រកបដោយផាសុខភាព និងកម្រាលព្រំមានគុណភាពខ្ពស់នោះ កៅអីផ្នែកខាងមុខដ៏ទូលាយនៃយន្តហោះប្រភេទថ្មីរបស់ក្រុមហ៊ុន Vietjet មួយនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបំពេញតាមតម្រូវការរបស់អ្នកដំណើរដែលជ្រើសរើសយកការហោះហើរបែប Skyboss ដែលជាសេវាកម្មដ៏ថ្លៃបំផុតរបស់ក្រុមហ៊ុន Vietjet ។

អំឡុងពេលដំណើរទស្សនកិច្ចនេះ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាជាតិរបស់វៀតណាម បានបញ្ជាក់ ថា ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពោរពេញដោយការច្នៃប្រឌិតមួយ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់ ។ លោកស្រីបានកត់សម្គាល់ថា ឧស្សាហកម្មអាកាសចរណ៍វៀតណាម កំពុងតែអភិវឌ្ឍឥតឈប់ឈរ ស្របពេលដែលក្រុមហ៊ុន Vietjet កំពុងតែស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ សេដ្ឋកិច្ចរបស់វៀតណាម បានទទួលអត្ថប្រយោជន៍យ៉ាងធំធេង ពីការរួមចំណែកជួយដល់វិស័យទេសចរណ៍ និងការបណ្តាក់ទុនផ្សេងៗ ។ រដ្ឋាភិបាលរបស់វៀតណាម បានផ្តល់ការចាប់អារម្មណ៍ដ៏គួរឲ្យកត់សម្គាល់ ដើម្បីជួយគាំទ្រការអភិវឌ្ឍវិស័យអាកាសចរណ៍ ។ ជាលទ្ធផល ឧស្សាហកម្មអាកាសចរណ៍នៅវៀតណាម គឺជាតារាមួយដែលទើបតែរះនៅពេលនេះ ក្រោយពីបានបញ្ជាទិញយន្តហោះជាច្រើនគ្រឿង និងបង្កើតឲ្យមានការប្រមូលផ្តុំដោយយន្តហោះថ្មីៗ និងទំនើបៗជាច្រើន ជាពិសេសយន្តហោះឯកជនរបស់ Vietjet ។

ថ្លែងក្នុងពិធីប្រគល់យន្តហោះ នៅប្រទេសបារាំង លោក Jean-Francois Laval អនុប្រធានប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Airbus បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការក្លាយជារោងចក្រផលិតយន្តហោះសម្រាប់ Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍មានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតមួយ នៅតំបន់អាស៊ី ។ យើងសូមអបអរសាទរដល់ក្រុមងហ៊ុន Vietjet ចំពោះការទទួលយកការចែកចាយយន្តហោះ A321neo ថ្មីចុងក្រោយគេបំផុតនេះ ។ ក្រុមហ៊ុន Airbus ពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាដៃគូដ៏សំខាន់របស់ Vietjet ហើយយើងសម្លឹងឆ្ពោះទៅកាន់ការផ្តល់ការផ្គត់ផ្គង់យន្តរបស់យើងបន្ថែមទៀតដែលរចនាតាមពណ៌របស់ Vietjet» ។

ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងល្អរវាងក្រុមហ៊ុនទាំង២ យន្តហោះ A321neo មួយនេះ គឺជាយន្តហោះទី៦០ដែលក្រុមហ៊ុន Vietjet បានទទួលដោយផ្ទាល់ពីក្រុមហ៊ុន Airbus ក្នុងចំណោមយន្តហោះសរុបចំនួន៨០គ្រឿងដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងតែប្រតិបត្តិ ។ យន្តហោះប្រភេទថ្មីនេះ និងត្រូវដាក់ឲ្យប្រតិបត្តិភ្លាមៗ រួមជាមួយនិងយន្តហោះផ្សេងទៀត នៅខែមេសា ឆ្នាំ២០១៩នេះ ។

លោក Dinh Viet Phuong អនុប្រធានក្រុមហ៊ុន Vietjet បានឲ្យដឹងថា៖ «ក្រុមហ៊ុន Vietjet បច្ចុប្បន្នកំពុងតែប្រតិបត្តិក្រុមយន្តហោះដែលស្ថិតក្នុងគ្រួសារ Airbus A320 ប្រភេទថ្មី ដោយមានអាយុជាមធ្យម២,៨២ឆ្នាំ ហេតុនេះ វាជាក្រុមយន្តហោះមានអាយុកាលវ័យក្មេងជាងគេបំផុតក្នុងពិភពលោក ។ យន្តហោះប្រភេទ A320 នេះ បានរួមចំណែកដ៏អស្ចារ្យក្នុងដំណើរប្រតិបត្តិការដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Vietjet ក្នុងនោះរាប់បញ្ចូលទាំងអត្រាដែលអាចជឿជាក់បានលើបច្ចេកទេសចំនួន៩៩,៦៤%របស់ក្រុមហ៊ុននេះផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុននេះក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការចំណាយថ្លៃដើមលើការប្រតិបត្តិទាបជាងគេបំផុតក្នុងពិភពលោក ផងដែរ ។

ការប្រគល់យន្ត A321neo ប្រភេទថ្មី នៅថ្ងៃនេះ សបញ្ជាក់ឲ្យឃើញម្តងទៀតពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុន Vietjet ក្នុងការអភិវឌ្ឍ និងធ្វើឲ្យយន្តហោះរបស់យើងកាន់តែមានភាពទំនើប ហេតុនេះ យើងអាចរួមចំណែកឥតឈប់ឈរក្នុងជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ក្នុងតំបន់ ក៏ដូចជាសម្រេចគោលបំណងដ៏ធំបំផុតរបស់យើង តាមរយៈការផ្តល់ផាសុខភាព ភាពរីករាយ និងសុវត្ថិភាពជាអតិបរមា ទៅកាន់អ្នកដំណើរដ៏មានតម្លៃរបស់យើង»៕ វឌ្ឍនា


ចែករំលែក៖