ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានដេកស្លាប់ក្នុងកុដិលោកដោយសារជំងឺខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជនម្នាក់ដេកស្លាប់ក្នុងកុដិលោក ភ្ញាក់ផ្អើលនៅ៦ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្នុងកុដិព្រះសង្ឃ វត្តចក នៅក្រុមទី១ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ប៉ុម ចាន់ណារី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ បានមកសុំស្នាក់នៅរៀន ក្នុងកុដិលោកសង្ឃ អស់រយ:ពេល៣ឆ្នាំមកហើយ មានស្រុកកំណើតនៅភូមិដំណាក់ឈ្នួល ឃុំស្រែធ្លុង ស្រុកជុំគីរី ខេត្តកំពត។

ប្រភពព័ត៌មាន ពីព្រះសង្ឃព្រះនាម ណាត ឃុនលាង គង់នៅវត្តចក បានឲ្យដឹងថា៖ នៅវេលាម៉ោង06:00នាទីព្រឹក ថ្ងៃទី 04 ខែមេសា ឆ្នាំ2019 ព្រះអង្គបាននិមន្តដើរ ទៅបន្ទប់ខាងក្រោយ ដើម្បីបន្ទោបង់ ដោយនិមន្តដើរកាត់តាមកុដិ ឈ្មោះ ប៉ុម ចាន់ណារី ស្នាក់នៅ ឃើញបង្អួចចំហរ និងទ្វារមុខដាក់កន្លឹះខាងក្នុងបន្ទប់ មើលតាមបង្អួចឃើញ គេដេកក្នុងមុងស្តូកស្តឹង ហៅក៏មិនភ្ញាក់ពេល នោះក៏រត់ទៅហៅព្រះសង្ឃជាច្រើនអង្គទៀត ឲ្យមកជួយមើល និងយកដើមឫស្សីទៅចាក់គ្រែតាមបង្អួច តែគេនៅមិនភ្ញាក់ មិន ដឹងខ្លួនសោះ ទើបដឹងថា៖ គេស្លាប់បាត់ទៅហើយ ទើបផ្តល់ព័ត៌មានដល់សមត្ថកិច្ច។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និង លោកគ្រូពេទ្យបានឲ្យដឹងថា៖ ការស្លាប់នេះដោយខ្យល់គរ ហើយសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖