ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃម្នាក់ចងក​ សម្លាប់ខ្លួន នៅផ្ទះមិត្តភក្តិឯស្រុកខ្មែរ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ កាលពី​ ចន្លោះ​ម៉ោង​១០​ទៅ​ម៉ោង​១១ ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​ចងក​ធ្វើ​អត្តឃាត​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ ។ ​

លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះថង ឡា​ថុ​លើ​ម ហៅ សៀន ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ប្រី​យ៍ ឃុំ​ប្រាយ​ផាត់​ថា​ណា ស្រុក​ភូ​ស៊ិ​ញ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ នាវេលា​ម៉ោង​៦​និង​០០​នាទីព្រលប់។ ជនរងគ្រោះ​ និង​មិត្តភ័ក្ដិ ០១​នាក់​ទៀត ​ឈ្មោះ ប្រាក់ យ៉ា​ត​ប៊ុន​ថា បាន​ចូល​មកលេង​មិត្តភ័ក្ដិ ​ឈ្មោះ ផាត់ ចំរើន ជនជាតិ​ខ្មែរ​ នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ​

ក្នុងនោះដែរ ជនជាតិ​ថៃ​ទាំងពីរ​នាក់ បាន​ចូល​តាម​ច្រក​អន្តរជាតិ​ជាំ សា​ងុំា ដោយ​ពុំមាន​លិខិត​ឆ្លងដែន ឬ​អត្តសញ្ញាណប័ណ្ណ​នោះទេ គឺ​សុំ​ខាង​ទំនាក់ទំនង​ព្រំដែន​ចូលមក​លេង​មិត្តភ័ក្ដិ និង​បាន​ដេក​ស្នាក់នៅ បាន​មួយ​យប់ នៅ​ថ្ងៃទី​០៣ មេសា និង​នាំគ្នា​ផឹក​ស្រា.ស ​អស់​០២​លីត្រ លុះ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី បាននាំគ្នា​ហូបបាយ​ និង​បាន​ផឹកស្រា​បន្តទៀត​អស់​ជិត​០១​លីត្រ ហើយ​ម្ចាស់ផ្ទះ ​ឈ្មោះ ផាត់ ចំរើន​ ក៏​នាំ​មិត្តភ័ក្ដិ​ឈ្មោះ ប្រាក់​ យ៉ា​ត់​ប៊ុន​ថា ទៅ​កន្លែង​សិប្បកម្ម​ដើម្បី​យក​ឈើ​ទៅធ្វើ​ឈើច្រត់ ។ រី​ឯ​ជនរងគ្រោះ​នៅ​នឹង​ផ្ទះ​ជាមួយ​ប្រពន្ធ​ម្ចាស់ផ្ទះ ក្រោយពី​បាន​ហូបបាយ​រួច​ ស្ត្រី​ម្ចាស់ផ្ទះ ​បាន​ទៅ​បោក​ខោអាវ​នៅ​ពាង​ខាងក្រោយ​ផ្ទះ ចំណែក​ជន​រងគ្រោះ​ដេក​លើ​អង្រឹង​មុខផ្ទះ ប្រមាណ​ជាង​មួយ​ម៉ោង​ក្រោយ​មក​ ស្ត្រី​ម្ចាស់ផ្ទះ​ដើរ​មក​រក​ជនរងគ្រោះ ខាង​មុខផ្ទះ​មិនឃើញ​ ក៏​ដើររក​ឃើញ​ចង.ក​ ស្លាប់​នៅ​នឹង​ក្រោលគោ​ខាងមុខផ្ទះ​ទៅវិញ ។ ​

លោក ឡឹ​ក សុខា បាន​បន្តថា បន្ទាប់​ទទួលបាន​ព័ត៌មាន ​កម្លាំង​អធិការ​នគរបាល​ស្រុក​បាន​ហ៊ុម​ព័ទ្ធ ការពារ​កន្លែងកើតហេតុ​ រង់ចាំ​ជំនាញ​ខេត្ត​ចុះមកពិនិត្យ​ ។ ​លុះ​នៅវេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ ខែ​ឆ្នាំ​ដដែល​ កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​ និង​ផ្នែក​ពិនិត្យ​វិភាគ​ស្រុក​ត្រពាំង​ប្រាសាទ​ រួមទាំង​គ្រូពេទ្យ ដឹកនាំ​ដោយ ​លោក ឡឹ​ក សុខា បាន​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ ឃើញថា ស្លៀកខោ​កីឡា​ជើង​ខ្លី​ ពណ៌​ខៀវ​ឆ្នូត​ក្រហម ពាក់អាវ​ដៃ​ខ្លី​ពណ៌​ប្រផេះ​និង​អាវយឺត​ក្នុង​វៀល​ក្លៀក​ ។ ​ រីឯ​ផ្នែក​ក្បាល​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះទេ​​​ ហើយ​មាន​ស្នាម​ជាំ​ ដោយ​ខ្សែ​ត្រង់ ​ក រាង​ជា​អក្សរ Uព័ទ្ធ​ពីមុខ​មក​ក្រោយ​ និង​អណ្ដាត​លៀន​ចេញផុត​បបូរ​មាត់​០២ cm​ ។ ​ ផ្នែក​ដងខ្លួន​មុខ​,​ខ្នង​រហូតដល់​ចុងជើង​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ​នោះទេ​ ។ ​ ​ចំណែក​នៅ​ចុង​លិង្គ​មាន​លេចចេញ​ទឹកកាម​ ។

សមត្ថកិច្ច​បាន​ប្រមូល​ព័ត៌មាន​តាម​ការបំភ្លឺ​របស់​ឪពុក​ និង​ញាតិ​ជិតខាង​ដែល​មកពី​ប្រទេស​ថៃ បានឲ្យដឹងថា ជនរងគ្រោះ​ជា​កូន​របស់គាត់​ផឹកស្រា​ជាប្រចាំ​ច្រើន​ឆ្នាំ ​មកហើយ នៅពេល​ផឹក​តែងតែ​វង្វេងវង្វាន់ ​មានពេលខ្លះ​រត់​ស្រាត​ក្នុងភូមិ​ ក៏មាន (​សរសៃ​ប្រសាទ​) ។

តាម​ការសន្និដ្ឋាន​ ​របស់​សមត្ថកិច្ច ពិតជា​ស្លាប់​ដោយ​​​ចង.ក​ សម្លាប់ខ្លួន​ពិតប្រាកដ​មែន​ ។ ​ ដោយ​មូលហេតុ​ មាន​បញ្ហា​សរសៃ​ប្រសាទ​ ។ ​ ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ចប់​សព្វគ្រប់ ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​កាន់​ប្រទេស​ថៃ​វិញ​៕ ប៉ែន នួន


ចែករំលែក៖