ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលនគរបាលទាំងព្រឹក ថាមានករណីបង្កៃគ្រាប់បែក តាមពិតជាប្រដាប់បំពងសំឡេង(MP3)សោះ

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្ដីស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ថា មានសេចក្តីរាយការណ៍មកសមត្ថកិច្ច មានជនអានាមិកបង្កៃគ្រាប់បែកមួយនៅម្តុំព្រះអង្គចេក អង្គចម មុខព្រះរាជដំណាក់ ខេត្តសៀមរាប ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃ៥ ខែមេសា ឆ្នាំ២០១៩ ។

ក្រោយពីព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានមករំដោះជាស្ថាពរ ហើយគួរអស់សំណើចទៅវិញទេ គឺមិនមែនជាគ្រាប់បែកទេ គឺសំបកកំប៉ុងច្នៃ មានតខ្សែស្រដៀងនឹងគ្រាប់បែក ឆ្លងតាមការពិនិត្យយ៉ាងច្បាស់លាស់ទៅ ឃើញថា គឺជាប្រដាប់បំពងសំឡេង (MP3) ដែលគេបោះចោលនៅក្រោមបង់ថ្ម កន្លែងអង្គុយលេងសោះ ។

សូមមហាជនជ្រាប និងកុំមានការយល់ច្រឡំចំពោះព័ត៌មានតាមការបង្ហោះតបស់បណ្តាញសង្គមហ្វេសប៊ុកទាំងនោះអី ។ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាបបានបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងជិតឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានត្រៀមផែនការរួចជាស្រេចដើម្បីការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅសង្ក្រាន្តសៀមរាប ។

សូមបញ្ជាក់ផងដែរថា សង្ក្រាន្តសៀមរាប ត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តសៀមរាប នៅម្តុំបរិវេណមាត់ស្ទឹងសៀមរាប ជាប់នឹងព្រះរាជដំណាក់ ។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរណ៍មកកម្សាន្តនៅក្នុងសង្ក្រាន្ត សៀមរាប ដោយក្តីរីករាយទាំងអស់គ្នា ៕ ប៊ុនរិទ្ធី


ចែករំលែក៖