ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស ពាក់ស្លាកលេខរដ្ឋ ពន្លះរបាំងថ្មពុះចែកទ្រូវផ្លូវ កែងវត្តទួលទំពូង បាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីថ្មីម៉ាកឡិចស៊ីសRX350 បោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់២កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិចជាប់របងវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខរដ្ឋ17.2.0845 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើដោយសារបើកលឿនពេកបួងចង្កូតមិនទាន់បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលេងរួច ។ តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ តៃកុងរថយន្តបង្កបានចុះរត់បាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖