ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុកគូថរថយន្ដពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ និងស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងធ្វើដំណើរឌុបគ្នា បើកល្បឿនលឿន បានបុកគូថរថយន្ដបត់ឆ្លងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់២នាក់ និងបានដាច់ខ្យល់ស្លាប់ម្នាក់ ខណះបញ្ជូនដល់មន្ទីរពេទ្យ រីឯម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅ១៤ និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវ៣៨០ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១/ឈ្មោះ ឈន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថោងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល (របួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1W-1905 ទី២/ឈ្មោះ ចិន ភេទប្រុស រស់នៅខេត្តស្ទឹងត្រែង ជាអ្នករួមដំណើរ (រងរបួសធ្ងន់) និងទី៣/ឈ្មោះ យឺន សុភារិទ្ធ អាយុ២៩ឆ្នាំ រស់នៅខេត្តសៀមរាប ( ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ) ។ ចំណែកភាគីខាងរថយន្ដម៉ាក Ford ECO SPORT ពណ៌ក្រហម ធុនតូច ប្រភេទទេសចរណ៍ បើកបរដោយឈ្មោះ សុក ហុក ភេទប្រុស អាយុ៤៣ឆ្នាំមានទីលំនៅភូមិដើមស្លែង សង្កាត់ច្បាអំពៅ២ ខណ្ទ័ច្បាអំពៅ ក្រុងភ្នំពេញ (ឃាត់ខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ៣នាក់ខាងលើ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានបុកគូថរថយន្ដខាងលើពេញមួយទំហឹង ខណៈដែលរថយន្ដបានបត់ចូលក្នុងការដ្ឋានខ្សាច់ (មានបើកភ្លើងស៊ីញ៉ូ) បណ្ដាលឲ្យជនរងគ្រោះ២នាក់ជាអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ យឺន សុភារិទ្ធ បានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើកបររថយន្ដ រួចកសាងឯកសារយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖