ភ្នំពេញ៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុនានាផងដែរ។
តាមរបាយការណ៍របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សារមន្ទីរនេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌែល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណន រហូតដល់បច្ចុប្បន្ន។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់នូវភាពរីករាយ និងចំណេះដឹងដល់សាធារណជន។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលបង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណននាពេលនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធានាគាជាតិនៃកម្ពុជា និងផ្នែកពាក់ព័ន្ធដ៏ទៃទៀតដែលបានចូលរួមក្នុងការកសាងនូវសារមន្ទីរដ៏មានសារសំខាន់នេះ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់ក្រុមស្ថាបនិក និងក្រុមអ្នកស្រាវជ្រាវ ទាំងជាតិ អន្តរជាតិ ដែលបានចូលរួមក្នុងការស្រាវជ្រាវ និងប្រមែប្រមូលឯកសារ និងរូបីយវត្ថុរបស់កម្ពុជាតាំងពីសម័យមុនៗមក ដើម្បីដាក់បង្ហាញនៅក្នុងសារមន្ទីរមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ “ព្រះស្រីឦសានវរ្ម័ន” នេះ នឹងរួមចំណែកយ៉ាងសំខាន់ទៅដល់ការស្វែងយល់ ពីប្រវត្តិរឿងរ៉ាវនៃសេដ្ឋកិច្ចនិងរូបិយវត្ថុខ្មែរ ដែលមិនសូវមានឯកសារប្រវត្តិសាស្ត្របានលើកយកមកបង្ហាញឲ្យបានក្បោះក្បាយឡើយ។ លើសពីនេះសារមន្ទីរនេះបានបង្ហាញយ៉ាងលម្អិត ពីការកសាងឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលសំខាន់ៗក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីការអនុវត្តដោយជោគជ័យជាប្រវត្តិសាស្ត្រនៃនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយមោទនភាពនៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះនឹងបានចូលរួមចំណែកកាន់តែសកម្ម ក្នុងបុព្វហេតុ ពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានយល់កាន់តែច្បាស់អំពីប្រវត្តិរូបិយវត្ថុកម្ពុជា នៅគ្រប់សម័យកាល ជាពិសេសដើម្បីលើកស្ទួយប្រាក់រៀលកម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយនៅទូទាំងប្រទេស សំដៅពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមថែរក្សាកេរដំណែល និងប្រមែប្រមូលនូវរាល់វត្ថុតាងពាក់ព័ន្ធនឹងរូបិយវត្ថុនានាសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ។ ទន្ទឹមនេះត្រូវបន្តអភិវឌ្ឍសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ នេះឲ្យបានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការបង្កបរិយាកាសឲ្យយុវជនកម្ពុជា បានមកទស្សនាឲ្យបានទូលំទូលាយដើម្បីសិក្សាស្វែងយល់ស្រាវជ្រាវអំពីប្រវត្តិ និងតួនាទីរូបិយវត្ថុកម្ពុជាសំដៅរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការពារនូវអធិបតេយ្យជាតិយើងអោយបានគង់វង់។
មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សូមជួបតែសេចក្តីសុខ សេចក្តីសម្រើនគ្រប់ៗគ្នា។ ក្នុងឱកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ត្រីដែលដែលមានស្នាដៃ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ មួយចំនួនដែលបានចូលរួមក្នុងការកសាង និងស្រាវជ្រាវបង្កើតនូវសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» នេះឡើង។
បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ និង អញ្ជើញចូលទស្សនាក្នុងសារមន្ទីរនៃ«ព្រះស្រីឦសានវរ្ម័ន» ដែលមានពិព័រណ៍បង្ហាញអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងសាវតាប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ននេះផងដែរ៕