ព័ត៌មានទាន់ហេតុការណ៍៖

លោកអូត ស៊ីវត្ថា ស្នងការរងនគបាលខេត្ត ទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ !!

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកអូត ស៊ីវត្ថា ស្នងការរងនគបាលខេត្ត ទទួលបន្ទុកចរាចរណ៍ផ្លូវគោក ទើបតែនិងឡើងកាន់តំណែងថ្មី បានដឹងនាំកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ឬទៅលេងទីជិតឆ្ងាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ។

ដើម្បីរឹតបន្តឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ កុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងការចុះរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចភ្នំក្រហម ភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

លោកអូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថាៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រជុំផ្សព្វផ្សាយ ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជំរុញនូវការរឹតបន្តឹង ពាក់ព័ន្ធ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ! ព្រោះថាកន្លងមក ក្នុងពិធីបុណ្យទានផ្សេងៗ គឺតែងតែមានបញ្ហាប្រឈមនានាអំពីគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨កន្លងទៅ កំណើននៃការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឃើញថា មានតួលេខទូទាំងរាជធានីខេត្តគឺមានចំនួន១៧៦១នាក់ នេះគឺជាចំនួនអត្រានៃការគ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ។ ដោយក្នុងនោះនាយឧត្តមសេនីយ៍អគ្គស្នងការរងសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ នគរបាលចរាចរណ៍ទាំងអស់ និងត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនឲ្យកើនលើសឆ្នាំ២០១៨នេះទៀតនោះទេ ។

លោកស្នងការរងបានបន្តថាៈ ដោយឡែកគឺនៅខេត្តស្ទឹងត្រែងនេះផងដែរ នៅឆ្នាំ២០១៨ ការស្លាប់របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួន ៣៧នាក់ គឺជាចំនួនច្រើន ដូច្នេះរូបលោកនិងមានវិធានការ បើប្រៀបធៀបតួលេខ ត្រីមាសទី១នៅឆ្នាំ២០១៨ ជាមួយ និងតួលេខត្រីមាសទី១ នៃឆ្នាំ២០១៩នេះគឺមានការថយចុះ ដោយត្រីមាសទី១ នៃឆ្នាំ២០១៨ មានការស្លាប់ចំនួន១៤នាក់ ជាក់ស្ដែងនៅត្រីមាសទី១ក្នុងឆ្នាំ២០១៩នេះ មានមនុស្សស្លាប់តែចំនួន៩នាក់ប៉ុណ្ណោះ គឺថា ថយចុះ៥នាក់ផងដែរ ។

លោកអូត ស៊ីវុត្ថា ស្នងការរងបានបញ្ជាក់ទៀតថាៈ អ្វីដែលសំខាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក គឺមានតែជំរុញ និងរឹតបន្តឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ទើបអាចបញ្ចាស់នូវគ្រោះថ្នាក់នេះបាន ។

ចំណែកឯអ្នកធ្វើដំណើរតាមរថយន្តដែលដឹកសម្ភារ ក៏ដូចជាអីវ៉ាន់សំពីងសំពោងនោះ គឺខាងសមត្ថកិច្ចជំនាញបានលើកលែង ដោយណែនាំ និងអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន បើតាមផ្លូវច្បាប់គឺត្រូវអនុវត្តឲ្យពួកគាត់ ត្រូវរើទម្លាក់អីវ៉ាន់ចុះ នៅកន្លែងគោលដៅតែម្ដង តែបើពិន័យទៅតាមផ្លូវច្បាប់ គឺត្រូវពិន័យទៅតាមច្បាប់ចែងនៅក្នុងមាត្រាច្បាប់ចរាចរណ៍ផ្លូវគោក ។

គួររំលឹកដោយមើលឃើញថាៈ ពាក់ព័ន្ធនិងការគ្រោះថ្នាក់ចរាចរណ៍នេះ ដោយខានមិនបានក្នុងមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសប្រមុខរាជរដ្ឋថាភិបាលកម្ពុជា លោកតែងតែបានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះជាចំបងផងដែរ ដល់បងប្អូនទូរទាំងប្រទេស សូមបើកបរត្រូវចេះអធ្យាស្រ័យគ្នា កុំវ៉ាជែង ត្រូវគោរពគ្នាក្នុងការបើកបរ ជីវិតមិនអាចលក់ ទិញ បានមកវិញទេ ។

ជាចុងក្រោយលោកអូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យ៉ាងទទូចជាពិសេស មុនជិះម៉ូតូត្រូវពាក់ម៉ួកសុវត្ថិភាព ដាក់ខ្សែម៉ួកឲ្យបានត្រឹមត្រូវ បើបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សិននិងត្រួតពិនិត្យកង់រថយន្ត មុនពេលលោកអ្នកធ្វើដំណើរតាមដងផ្លូវ ជាពិសេសធ្វើដំណើរ ដោយគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការបើកបរ ក្នុងល្បឿនដែលច្បាប់បានកំណត់ និងគោរពសិទ្ធិអទិភាពគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដល់អាយុជីវិតលោកអ្នក ៕ មាស សុផាត


ចែករំលែក៖