បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន២ស្រុកក្នុងខេត្តបន្ទាយមានជ័យ សរុប៤៧ខ្នង និងកុដ្ឋលោក១ខ្នងត្រូវបានដំបើកដំបូល និងដួលរលំបន្ទាប់ពីខ្យល់កន្រ្តាក់លាយឡំជាមួយ ផ្គរ រន្ទះ បានបក់បោកយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ គឺស្រុកមង្គលបូរីខូចខាតផ្ទះ១៣ខ្នង កុដ្ឋលោក១ខ្នង និងស្រុកម៉ាឡៃខូចខាតផ្ទះ ៣៤ខ្នង ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី និងស្រុកម៉ាឡៃ ឲ្យដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០១៩នេះ ។
លោក ស៊ិន ណារ៉ាក់ អធិកានគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ខ្យល់កន្រ្តាក់ បានបង្កឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ មាដួលរលំ និងរបើកដំបូលស័ង្កសី នៅភូមិហ៊ុបប្ញស្សី ឃុំសឿ ស្រុកមង្គលបូរីចំនួន ១៣ខ្នង និងកុដ្ឋលោក១ខ្នង ។
ចំណែកនៅស្រុកម៉ាឡៃ លោកបេន សំអាត អធិការនគរបាលស្រុក ក៏ឲ្យដឹងដែរថា៖ នៅក្នុងភូមិស្រះភ្លោះ,ភូមិខ្ជាយបល័្លង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ក៏មានខ្យល់កន្រ្តាក់ ផងដែរ នៅល្ងាចថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៩ ដែលបង្កឲ្យខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចជារបើកដំបូល និងដួលរលំចំនួន៣៤ខ្នង ។
ក្រោយពីខ្យល់កន្រ្តាក់របង្កឲ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋទាំង២ស្រុកគឺស្រុកម៉ាឡៃ និងស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងយោធាទាំង២ស្រុក បានចេញទៅជួយអន្តរាគមន៍រុះរើផ្ទះរងការខូចខាត និងបានជួសជុល កសាងជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់នោះផងដែរ ។
សូមបញ្ជាក់ថា៖ លើកទី៣នោះហើយ ដែលបន្ទាយមានជ័យ នាដើមឆ្នាំ២០១៩ បានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់បង្កការខូចខាតផ្ទះសំបែងរបស់ ប្រជាពលរដ្ឋរាប់រយខ្នង និងសាលារៀន កុដ្ឋលោក មួយចំនួន បើទោះមានការបង្ករដោយគ្រោះធម្មជាតិយ៉ាងណានៅមិនទានមានរបាយការណ៏ស្ដីពីបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋនោះឡើយ ៕ វណ្ណា