ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ម៉ឹង សំផនរដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងឆ្លងសមិទ្ធផលនានាក្នុងវត្តសាង្សុម៉ី (ហៅវត្តទួលស្តី) ស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក លី សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំទួលស្ដី និងក្រុមការងារព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណ១ពាន់នាក់ផងដែរ ។
លោក ម៉ឹង សំផន បានថ្លែងថា សមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានខិតខំកសាងអភិវឌ្ឍន៍ តាំងពីបាតដៃទទេ រហូតរីកចម្រើនលើគ្រប់វិស័យ ឲ្យបានជាដាច់ខាត កុំឲ្យជនណាមកបំផ្លាញឲ្យសោះ ។
លោកក៏បានអំពាវនាវត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាពនេះ ឲ្យរស់ស្ថិតស្ថេរគង់វង្ស ដោយមិនឲ្យមានអ្នកណាមួយ មកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាកបំផុត ដែលជាការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំមិនចង់បានអ្វី ក្រៅពីឃើញពលរដ្ឋរស់នៅមានជីវភាពសមរម្យ ប្រទេសជាតិមាន សុខសន្តិភាព វឌ្ឍនភាពនោះឡើយ ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍រំលេចថា «សព្វថ្ងៃនេះប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន និងជឿនលឿន ហើយខេត្តស្វាយរៀង និងមានផ្លូវល្បឿនលឿន និងបង្ហាញរូបរាងនាពេលឆាប់ៗខាងមុខនេះដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេរឲ្យមានការរីកចំរើនលើគ្រប់វិស័យ» ។
ចំពោះតម្លៃមិនអាចកាត់ថ្លៃបាននូវសន្តិភាពនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ ជាង៣លាននាក់ ហើយបានរំដោះប្រទេស ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាមប្រមាណជាង៤,០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា ។
លោកក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យ ដោយនៅក្នុងមូលដ្ឋានមិនត្រូវឲ្យមានបងតូច បងធំ ចោលួចចោប្លន់ គ្រឿងញៀន ជួញដូរមនុស្សខុសច្បាប់ជាដាច់ខាត ៕ យឹម សុថាន