ខេត្តស្វាយរៀង៖ មានការបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឮសូរសំឡេងដូចផ្ទុះគ្រាប់បែក បន្ទាប់ពីមានរថយន្តធុនធំដឹកដែកសរសៃមួយគ្រឿង រ៉េចង្កូត បោលបុកចូលតូបលក់ភេសជ្ជៈមួយកន្លែង ប៉ើងខ្ទេចអស់ កាលវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ១៣៨ និង១៣៩ ត្រង់ចំណុចក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង តែមិនរងរបួសម្ចាស់ផ្ទះ ដោយគ្រាន់តែខូចខាតរបស់របរលក់ដូរ ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ចំពោះអ្នកបើករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ មានឈ្មោះ សរ ចាន់ សុភក្រ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែករថយន្តដឹកដែកសរសៃ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A០០៣១ ។
ប្រភពបន្តថា ចំណែកតូបលក់ភេសជ្ជៈ ដែលរងការខូចខាតមានម្ចាស់ ឈ្មោះពុត បារាំង ភេទប្រុស អាយុ៣៣ ឆ្នាំ មានប្រពន្ធ ឈ្មោះ ងួន សុខេង អាយុ ២៤ ឆ្នាំមានកូនក្នុងបន្ទុក០២នាក់មានឈ្មោះគីម លីហ្សា ភេទស្រី អាយុ០២ឆ្នំា និងឈ្មោះ គីម សំរឹទ្ធ ភេទ ប្រុសអាយុ០២ ខែរស់ក្នុងភូមិ ឃុំកើតហេតុខាងលើ តែមិនរងគ្រោះថ្នាក់ដោយកំពុងដេកលង់លក់ ក្នុងបន្ទប់ជិតនោះដែរ ។
ចំពោះសម្ភារដែលរងការខូចខាតរួមមានរោងដែក ប្រក់ស័ង្កសីទាំងស្រុង ដែលមានទំហំទទឹង៦,៥០ម៉ែត្រគុណ នឹងបណ្តោយ១១,៦០ម៉ែត្រ ស្រាបៀរប្រមាណ២០០កេស ភេសជ្ជៈ ទឹកសុទ្ធ ប្រមាណ៤០០កេស ទូទឹកកក២ ទូកញ្ចក់ (ដូរ លុយ )០១ អីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ ។
បើតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តធុនធំដឹកដែកសសៃពេញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវពាក់ស្លាកលេខបន្ទាយមានជ័យ៣A០០៣១ ដោយធ្វើដំណើរពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះ ស្រាប់តែមកដល់ចំណុចខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែ រ៉េចង្កូតទៅបុកចូលរោងលក់ដូរភេសជ្ជៈខាងលើបង្កការភ្ញាក់ផ្អើលតែម្ដង ។
តាមចម្លើយអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឲ្យមានការកើតឡើងគ្រោះថ្នាក់នេះ ដោយសារតែខ្លួនងងុយដេក ហើយក៏លក់មួយភាំងក៏ជ្រុលចង្កូតតែម្ដង ។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន មកអធិការដ្ឋាននគរបាល ស្រុកស្វាយទាបដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹមសុថាន