ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីសាន់ បុកក្មេងស្រីអាយុ៣ឆ្នាំ រត់ឆ្លងផ្លូវស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់បុកក្មេងស្រីអាយុ៣ឆ្នាំម្នាក់ រត់ឆ្លងផ្លូវរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចភូមិអូរស្អំ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឥ្យដឹងថា៖កុមារីរងគ្រោះ ឈ្មោះ ហុក ស្រីកែវ អាយុ៣ឆ្នាំ នៅភូមិអូរស្អំ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកថា មុនពេលកើតហេតុៈរថយន្តបានធ្វើដំណើរពីទិសខាងជើងទៅខាងត្បូង លើផ្លូវជាតិលេខ៥៩ ពេលចំណុចកើតហេតុក្នុងភូមិអូរស្អំ ឃុំអូរសំព័រ កុមារីរងគ្រោះ បានរត់ឆ្លងផ្លូវ ដោយរថយន្តម៉ាកនីស្សាន់ ពណ៌ ស្លូញ គ្មានស្លាកលេខ ក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ក៏បានជ្រុលចង្កូតបុក ខ្ទាតក្មេងប្រមាណជា១០ម៉ែត្រ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកម៉ាឡៃ ។ ចំណែកអ្នកបើករថយន្ត ត្រូវបានគេស្គាល់ឈ្មោះលី លឿន ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិវាលរហាត់ ឃុំ ស្រុកកើតហេតុ ។

ក្រោយកើតហេតុអ្នកបើករថយន្តនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ នាំយកមកអធិការដ្ឋាននគរបាលស្រុក ម៉ាឡៃ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ ចំពោះសព កុមារីរងគ្រោះ ត្រូវបានឪពុក ម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផងដែរ លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ក៏បានសំណូមពរដល់ ឪពុក ម្តាយ ឬអាណាព្យាបាល ដែលមានលំនៅឋាន តាមដងផ្លូវជាតិ ឬ ផ្លូវលំ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះកូនចៅ កុំ បណ្តែតបណ្តោយឲ្យលេងនៅលើចិញ្ចើមផ្លូវ អាចជាហេតុនាំឲ្យមានគ្រោះថ្នាក់ របួសឬស្លាប់ ជាក់ស្តែងដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះជាដើម ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖